
(ស៊ិនជិន)៖ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។
ដំណើរទស្សនកិច្ចនេះត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយកាយវិការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុតពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនដឹកនាំដោយ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។
ទស្សនកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏ទំនើបរបស់ក្រុមហ៊ុន BYD ជាពិសេសបច្ចេកវិទ្យានៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរយៈពេលបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែលល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ ១០នាទីប៉ុណ្ណោះ។

ជាមោទនភាព កម្ពុជាគឺជាប្រទេសទីមួយនៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះមកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ននេះ ដំណើរការរៀបចំ និងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ របស់កម្ពុជា រួមមាន៖ (១)រាជធានីភ្នំពេញ, (២)ខេត្តព្រះសីហនុ, និង (៣) ខេត្តសៀមរាប ហើយរំពឹងថា ត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយចំនួន ១៨ទីតាំង នឹងបើកឱ្យដំណើរការផ្តល់នូវសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ។
គណៈប្រតិភូកម្ពុជា បានបន្តទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញ ដើម្បីស្វែងយល់បន្ថែមអំពីសាវតា និងសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗនានា ដែលក្រុមហ៊ុនសម្រេចបាន តាមរយៈការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ក្នុងនោះដែរគណៈប្រតិភូបានទស្សនាការធ្វើតេស្តសាកល្បងដោយផ្ទាល់នូវការបញ្ចូលថាមពលអគ្គិសនីក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង (Extreme Cold Charging) ដែលជាបច្ចេកវិទ្យាដ៏សំខាន់ និងជាចំណុចខ្លាំងមួយរបស់ក្រុមហ៊ុន BYD ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៃយានយន្តអគ្គិសនី ក្នុងរដូវរងាខ្លាំង ឬតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងកម្រិតបង្កក និងការធ្វើតេស្តសុវត្ថិភាពអាគុយដោយការចាក់ទម្លុះដោយដែកគោល (Nail Penetration Test) ជាវិធីសាស្ត្រធ្វើតេស្តសុវត្ថិភាពអាគុយយានយន្តអគ្គិសនីកម្រិតខ្ពស់ និងម៉ត់ចត់បំផុតនៅក្នុងឧស្សាហកម្មយានយន្ត ដើម្បីវាស់ស្ទង់ភាពធន់ និងហានិភ័យនៃការឆាបឆេះ ឬផ្ទុះ នៅពេលអាគុយរងការខូចខាតធ្ងន់ធ្ងរ។

បន្ទាប់ពីទស្សនាការបង្ហាញរថយន្តម៉ូឌែលថ្មី និងបច្ចេកវិទ្យាទំនើបទាន់សម័យចុងក្រោយនៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញរួចមក លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ជឿនលឿនរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី និងរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ និងអភិវឌ្ឍន៍ថាមពលស្អាតកកើតឡើងវិញ ព្រមទាំងការការពារបរិស្ថានសកលលោកប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនទានយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BYD ព្រមទាំងបានអញ្ជើញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តសិក្សាស្រាវជ្រាវអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដើម្បីឈានទៅដល់ការបង្កើនសមត្ថភាពផលិតកម្មរបស់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ, ការវិនិយោគលើការបង្កើតបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

ជាការឆ្លើយតបលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BYD បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចដោយផ្ទាល់នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហើយលោកក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះផងដែរ។
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក និងការជំរុញការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងកម្ពុជានិងក្រុមហ៊ុន BYD ផងដែរ។ លទ្ធផលផ្លែផ្កានៃជំនួបនេះ នឹងក្លាយជាបុរេលក្ខខណ្ឌដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សំដៅរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថានប្រកបដោយចីរភាព៕





























