ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់

(ហុងកុង)៖ ថ្នាក់ដឹកនាំយោធារបស់ចិនត្រូវបានរំពឹងថានឹងគូសបញ្ជាក់ពីគោលបំណងរបស់ពួកគេសម្រាប់សន្តិសុខពិភពលោក នៅពេល ប៉េកាំងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះនៅចំពោះមុខការកើនឡើងភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកលើតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមមន្ត្រីការទូត និងអ្នកវិភាគមួយចំនួនបាននិយាយថារដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នឹងត្រូវថ្លែងសុន្ទរកថាបើកកិច្ចប្រជុំដែល មានរយៈពេល ៣ថ្ងៃ នៃវេទិកា Xiangshan Forum ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងពិភពលោកពហុប៉ូលមួយ។ ប៉ុន្តែលោកក៏អាចនឹងរិះគន់លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមមន្ត្រីយោធា ការទូត និងបញ្ញវន្តរាប់រយនាក់ត្រូវបានរំពឹងថានឹងចូលរួមវេទិកា Xiangshan Forum ដែលត្រូវបានគេមើលឃើញថាចិនបង្កើតឡើងដើម្បីប្រជែងនឹងវេទិកាសន្តិសុខ Shangri-La Dialogue រៀបចំឡើងក្នុងប្រទេសសិង្ហបុរីជារៀងរាល់ឆ្នាំ។

បើតាមក្រុមមន្ត្រីការទូត និងអ្នកវិភាគមួយចំនួនដូចជាលោក James Char ជាអ្នកជំនាញម្នាក់សិក្សាពីចិន ចិនទំនងជានឹងមិនរិះគន់ដោយបើកចំហខ្លាំងជ្រុលពេកប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចនោះទេ ដោយសារតែគម្រោងនៃដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងខែកញ្ញានេះដើម្បីជួបលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ ចិនអាចនឹងរិះគន់ធ្ងន់ៗលើជប៉ុន ដោយសារតែភាពតានតឹងរវាងប៉េកាំង និងតូក្យូ ជុំវិញការពង្រឹងសមត្ថភាពយោធារបស់ជប៉ុន៕