ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ មន្ត្រីឥណ្ឌូណេស៊ីម្នាក់បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ថាក្រុមអ្នកជួយសង្រ្គោះជាង ៦០០នាក់បានបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកមនុស្ស ១២៩នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅឯសមុទ្រជ្វា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈអ្នកស្លាប់កើនដល់ ៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Putu Sudayana ជាប្រធានទីភ្នាក់ងារជួយសង្រ្គោះ Banjarmasin បានគូសបញ្ជាក់ប្រាប់ Reuters ថា«យើងកំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួនតាំងតែពីព្រឹកព្រលឹម។ យើងបានដាក់ពង្រាយក្រុមអ្នកជួយសង្រ្គោះ ៦២២នាក់ និងនាវាជួយសង្រ្គោះប្រហែល ១២គ្រឿង»។ លោកបន្ថែមថាគិតត្រឹមព្រឹកថ្ងៃចន្ទនេះ មានមនុស្ស ៦នាក់បានស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ដឹកអ្នកដំណើរខាងលើ។

គួរបញ្ជាក់ថា កប៉ាល់ដឹកអ្នកដំណើរឈ្មោះ Virgo Transport 8 មានផ្ទុកមនុស្ស ២៤៣នាក់បានដាច់ការទាក់ទងក្នុងពេលមានអាកាសធាតុអាក្រក់ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថាមនុស្ស ១០៨នាក់ត្រូវបានជួយសង្រ្គោះចេញពីកប៉ាល់ខាងលើ ដែលមានគោលដៅធ្វើដំណើរចេញពីទៅទីក្រុង Surabaya នៃខេត្តជ្វាភាគខាងកើត ឆ្ពោះទៅកាន់ទីក្រុង Banjarmasin នៃខេត្តកាលីម៉ាន់តាន់ខាងត្បូង៕