ក្រោមគម្រោងថ្មី មន្រ្តីសហព័ន្ធអាមេរិកនឹងចូលធ្វើការងារមួយឆ្នាំ នៅក្នុងរដ្ឋបាលកោះតៃវ៉ាន់

(វ៉ាស៉ីនតោន)៖ ការិយាល័យតំណាងអាមេរិកប្រចាំកោះតៃវ៉ាន់ បានប្រកាសថា មន្ត្រីសហព័ន្ធមួយចំនួននឹងត្រូវចូលបំពេញការងារ ក្នុងការិយាល័យរដ្ឋបាលកោះតៃវ៉ាន់ រយៈពេលមួយឆ្នាំ ក្រោមគម្រោងថ្មីដែលមានគោលបំណងពង្រឹងទំនាក់ទំនងជិតស្និទ្ធដែលមានស្រាប់ រវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

វិទ្យាស្ថាន AIT ដែលជាការិយាល័យដ៏ធំរបស់អាមេរិកនៅក្នុងទីក្រុងតៃប៉ិ ដើរតួនាទីដូចជាស្ថានទូតមួយ បានលើកឡើងថា ក្រោយបញ្ចប់ការបណ្តុះបណ្តាល មន្រ្តីដែលបានចូលរួមគម្រោងនេះ នឹងត្រូវធ្វើការរយៈពេលរហូតដល់ ១ឆ្នាំ នៅក្នុងការិយាល័យសភាតៃវ៉ាន់ ក្រសួង ទីភ្នាក់ងារ ឬអង្គការក្រៅវិស័យសាធារណៈនៅកោះតៃវ៉ាន់ ហើយគោលបំណងចម្បងគឺដើម្បីពង្រីក និងពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ព្រមទាំងពង្រឹងជំនាញរបស់មន្ត្រីអាមេរិកពាក់ព័ន្ធតៃវ៉ាន់។ AIT មិនបានបញ្ជាក់ទេថានឹងមានមនុស្សប៉ុន្មាននាក់ចូលរួមជារៀងរាល់ឆ្នាំ ដោយគ្រាន់តែបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃអង្គារ នៅឯសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តៃវ៉ាន់ គឺជាបញ្ហាដ៏រស៉ើបមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលចាត់ទុកតៃវ៉ាន់ខេត្តមួយរបស់ខ្លួន។ ចិនបានទាមទារច្រើនលើកច្រើនសាមកហើយ ឱ្យទីក្រុងវ៉ាស៉ីនតោនកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ព្រមទាំងបញ្ឈប់ការលក់អាវុធ។ ការប្រកាសអំពីគម្រោងនេះ កើតមានឡើងនៅមុនជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៉ី ជីនពីង នៅសប្តាហ៍ក្រោយ ខាងក្រៅកិច្ចប្រជុំកំពូលនៃមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅក្នុងទីក្រុងសិនជិន៕