កងកម្លាំងរក្សាសន្តិភាព UN អះអាងថាបានរងការបាញ់ប្រហារ នៅភាគខាងត្បូងលីបង់

(បេរូត)៖ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំលីបង់ (UNIFIL) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា ក្រុមល្បាតមួយរបស់ខ្លួនបានរងការបាញ់ប្រហារនៅភាគខាងត្បូងនៃប្រទេស ប៉ុន្តែមិនបានបញ្ជាក់ថាបង្កឡើងដោយភាគីណានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

UNIFIL ដែលត្រូវបញ្ចប់ភារកិច្ចនៅចុងឆ្នាំនេះ និយាយថា ក្រុមល្បាតត្រូវបានគេបាញ់ប្រហារដោយគ្រាប់កាំភ្លើងប្រហែល ១២គ្រាប់ នៅជិតតំបន់ Wadi Jilu ហើយពួកគេក៏បានបាញ់តបតវិញ ដែលបន្ទាប់មកការបាញ់គ្នាក៏បានបញ្ឈប់ទៅ។ នៅក្នុងរបាយការណ៍ UNIFIL បានគូសបញ្ជាក់ជាថ្មីអំពីកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ផ្តល់ការធានានូវសុវត្ថិភាពដល់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ គ្រប់ពេលវេលា។

UNIFIL បានដើរតួនាទីជាអាជ្ញាកណ្តាលរវាងអ៉ីស្រាអែល និងលីបង់ ចាប់តាំងពីឆ្នាំ ១៩៧៨មក ប៉ុន្តែវត្តមាន UNIFIL មិនអាចទប់ស្កាត់ជម្លោះជាច្រើនលើកបានឡើយ រួមទាំងជម្លោះចុងក្រោយបំផុតរវាងអ៉ីស្រាអែល និងក្រុម Hezbollah កាលពីខែមីនា ក្នុងបរិបទនៃសង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា។

ទោះជាមានបទឈប់បាញ់ និងការចរចាផ្ទាល់នាពេលថ្មីៗរវាងអ៉ីស្រាអែល និងលីបង់ក៏ដោយ តែក្រុម Hezbollah បន្តបដិសេធរំសាយអាវុធ ហើយកងទ័ពអ៉ីស្រាអែលនៅតែបន្តកាន់កាប់តំបន់មួយចំនួននៅភាគខាងត្បូងលីបង់។ ក្រោសម្ពាធពីសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខ កាលពីឆ្នាំមុន បានបោះឆ្នោតបញ្ចប់អាណត្តិរបស់ UNIFIL ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕