លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញអបអរសាទរ និងចែកអំណោយរាជរដ្ឋាភិបាល ជូនពលរដ្ឋមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងស្រុកសង្គមថ្មី

ខេត្តព្រះវិហារ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីដ៏មានអត្ថន័យមនុស្សធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ ពិធីនេះ គឺជាការផ្ដល់អំណោយឧបត្ថម្ភតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនរងគ្រោះ និងជនងាយរងគ្រោះដោយគ្រោះធម្មជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលាឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏មានតម្លៃនេះដែរ ក៏មានវត្តមានអមដំណើរពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាអ្នកទទួលផលផ្ទាល់យ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោក គីម រិទ្ធី បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ឬជួបការលំបាកដោយគ្មានការដោះស្រាយនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ ទោះបីជាមិនអាចឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការយូរអង្វែង ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាត និងបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិត ជាពិសេសសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងមានជីវភាពខ្សត់ខ្សោយ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាគ្កូវសាមគ្គីភាពជិតស្និទ្ធក្នុងសហគមន៍ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ក៏ដូចជារួមគ្នាអភិវឌ្ឍន៍ភូមិ-ឃុំឱ្យកាន់តែមានការរីកចម្រើនបន្តទៀត។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងកក់ក្តៅ ដោយប្រជាពលរដ្ឋដែលទទួលបានការឧបត្ថម្ភ បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តព្រះវិហារ ដែលតែងតែចុះមកជួយយកអាសាពួកគាត់ដល់មូលដ្ឋានទាន់ពេលវេលាគ្រប់កាលៈទេសៈ៕ដោយសួន ពិសិត