កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី

(ភ្នំពេញ)៖ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផូល ខាហ្គាម៉េ ប្រធានាធិបតីរវ៉ាន់ដា បានសម្លឹងឃើញឱកាសនៃការពង្រីកទីផ្សារទំនិញរវាងគ្នា និងក្នុងតំបន់។ ក្នុងនោះរវ៉ាន់ដា អាចបើកច្រកសម្រាប់ទំនិញកម្ពុជា ចូលទៅកាន់តំបន់អាហ្វ្រិក ហើយកម្ពុជា អាចបើកច្រកទំនិញរវ៉ាន់ដា ចូលមកកាន់អាស៊ាន និងអាស៊ី។

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ប្រធានាធិបតីរវ៉ាន់ដា បានជួបប្រជុំទ្វេភាគី ដោយបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងគ្នា។

ក្នុងជំនួបនេះ លោកប្រធានាធិបតីរវ៉ាន់ដា បានសម្ដែង​នូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់​រាជរដ្ឋាភិបាល ជាមួយ​ស្នាម​ញញឹមរបស់ប្រជាជនកម្ពុជា។ លោកប្រធានាធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍ និងការ​រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ច​ឡើង​វិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ខណៈដែល​រវ៉ាន់ដា ក៏ធ្លាប់​ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។

ផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមកនេះ, លោកប្រធានាធិបតី បានបង្ហាញនូវ​ការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី​លើកទី២០ របស់លោក និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនង​ទ្វេ​ភាគីរវ៉ាន់ដា​-កម្ពុជា​ ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។

លោកប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ជា​ពិ​សេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បី​នាំ​មកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ​ចំពោះវត្តមាន​របស់​លោកប្រធានាធិបតីរវ៉ាន់ដា និងគណៈប្រតិភូ ដែលបាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និង​ចូល​រួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ ការណ៍នេះ នឹងរួមចំណែក​យ៉ាង​សំខាន់​ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានដល់កម្រិត​ថ្មីមួយ​ទៀត។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ​ចំពោះ​វឌ្ឍន​ភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចមហាបបវរធិបតី និងលោកប្រធានាធិបតី​ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពី​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគី តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់​ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និង​បង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់​តែស្អិត​រមួត។

ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដា នឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។

ដោយ​ឡែកក្នុងក្របខ័ណ្ឌតំបន់ និងសកល, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការ​ជំរុញកិច្ច​សហ​ប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ច​សហ​ប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហ​ប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការ​យោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព,​​ ស្ថេរភាព និង វិបុលភាពរួម។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចមហាបវរធិបតី និងលោកប្រធានាធិបតី ក៏បានអញ្ជើញជា​អធិប​តី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​៣​រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ​អភិវឌ្ឍន៍​រវ៉ាន់ដា។
២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។
៣៖ កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕