
(អង់តាលីយ៉ា-តួកគី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ស្តីពី «ការផ្តល់ថាមពលសម្រាប់អនាគត៖ បណ្តាញអគ្គិសនីសម្រាប់សន្តិសុខថាមពល និងវិបុលភាព» ក្រោមគំនិតផ្តួចផ្តើម Global Grids Accelerator ដឹកនាំដោយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងអំឡុងកិច្ចប្រជុំកំពូលមេដឹកនាំ និងសន្និសីទ COP31 នៅទីក្រុងអង់តាលីយ៉ា ប្រទេសតួកគី។
ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ការពង្រីក និងធ្វើទំនើបកម្មបណ្តាញអគ្គិសនី ជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្ត NDC 3.0 និងការសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមានមហិច្ឆតាខ្ពស់ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញ ដែលតម្រូវឱ្យមានការគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតួនាទីចាំបាច់របស់បណ្តាញអគ្គិសនី ក្នុងការពន្លឿនអន្តរកាលថាមពលស្អាត។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាល ដាក់ការអភិវឌ្ឍបណ្តាញអគ្គិសនីជាអាទិភាព ក្នុងផែនការរយៈពេលវែង និងជំរុញការបង្កើនការវិនិយោគ លើបណ្តាញអគ្គិសនីសកលចំនួន៥០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដោយពង្រឹងភាពឆ្លាតវៃ ភាពធន់ និងការតភ្ជាប់ឆ្លងដែន៕































