លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់នោះទេ និងបានណែនាំឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ឱ្យផ្តោតទាំងស្រុងលើអ្វីដែលលោកហៅថាឧក្រិដ្ឋកម្ម និងអំពើពុករលួយដែលកំពុងកើតឡើងនៅតាមទីក្រុង និងរដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការណែនាំរបស់លោក ត្រាំ កើតមានឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាលោក Vance កំពុងពិចារណាលើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយក្រុមមន្ត្រីសន្តិសុខអ៉ីរ៉ង់ និងមួយសប្ដាហ៍បន្ទាប់ពីលោកអនុប្រធានាធិបតីអាមេរិករូបនេះបន្ទោសថាបរាជ័យរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិគឺដោយសារតែសង្រ្គាមអ៉ីរ៉ង់។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «យើងមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ឡើយ។ ពេលវេលាទាំងនោះបានកន្លងហួសទៅជាយូរមកហើយ។ យើងបានកាន់កាប់លុយរបស់ពួកគេរាប់រយពាន់លានដុល្លារ។ យើងបានកាន់កាប់ច្រកសមុទ្ររបស់ពួកគេ»។ ក្នុងសារនោះដែរ លោក ត្រាំ បានណែនាំឱ្យលោក Vance ផ្តោតលើការដោះស្រាយបញ្ហានៅក្នុងស្រុកដែលលោក ត្រាំ កន្លងមកអះអាងថាជាកិច្ចប្រឹងប្រែងបោសសម្អាតអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលកើតមាននៅតាមទីក្រុង និងរដ្ឋគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានលើកឡើងថាអ៉ីរ៉ង់នឹងមានឆន្ទៈរឹតតែខ្លាំងឡើងចង់បានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង៨ខែមកនេះ នៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ក្នុងសប្ដាហ៍នេះ រដ្ឋបាលរបស់លោកបានឱ្យសញ្ញាថាការបិទខ្ទប់កំពង់ផែ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៉ីរ៉ង់កំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរដែលនេះមានន័យថាសហរដ្ឋអាមេរិកមិនចាំបាច់ត្រូវបើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ ឬបង្កើនកិច្ចប្រឹងប្រែងការទូតជាមួយអ៉ីរ៉ង់នោះឡើយ៕