
កំពង់ធំ៖ ដើម្បីចូលរួមធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកម្លាំងចំនួន ១,០២១នាក់ ទៅចូលរួមបំពេញបេសកកម្ម ការពារ
នៅតាមបណ្តាគោលដៅសំខាន់ៗចំនួន ៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងណែនាំដល់កងកម្លាំង មុនចេញដំណើរទៅបំពេញបេសកកម្ម ដោយបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច នាពេលកន្លងមក។
លោកស្នងការបានរំលឹកពីស្នាដៃ និងលទ្ធផលការងាររបស់កងកម្លាំង ក្នុងការចូលរួមការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសខេត្តកំពង់ធំរៀបចំពិធីអុំទូក និងបណ្ដែតប្រទីប កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ធានាបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្សាន្ត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ការបញ្ចេញកងកម្លាំងខាងលើនេះ គឺអនុវត្តតាមការដឹកនាំ និងការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមសហការជាមួយកងកម្លាំងពាក់ព័ន្ធ ក្នុងការការពារ និងរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូ និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនឹងនេះ លោកស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព គោរពវិន័យ និងបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងសហការគ្នាជាក្រុមឱ្យបានល្អប្រសើរ ដើម្បីធានាឱ្យការអនុវត្តតួនាទី ភារកិច្ច ទទួលបានជោគជ័យ។
ជាចុងក្រោយ លោកស្នងការ បានជូនពរដល់កងកម្លាំង សូមមានសុខភាពល្អ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា៕








































