
(ភ្នំពេញ)៖ នៅមុនមួយថ្ងៃ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងភរិយា មកកាន់កម្ពុជានៅថ្ងៃស្អែកនេះ គេហទំព័រ Intelligence Online របស់ប្រទេសបារាំង រួមទាំងសារព័ត៌មានអន្តរជាតិមួយចំនួនទៀត បានចេញផ្សាយទម្លាយឱ្យដឹងថា លោក ម៉ាក្រុង នឹងនាំយកកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា (MoU) និងឯកសារសរុបយ៉ាងតិច ២៨ មកចុះហត្ថលេខាជាមួយភាគីកម្ពុជា លើវិស័យសំខាន់ៗចំនួន ៤។
យោងតាមការចុះផ្សាយរបស់គេហទំព័រដដែល វិស័យយុទ្ធសាស្ត្រទាំង ៤ ដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការ និងការពិភាក្សានេះ រួមមាន៖
១. វិស័យអវកាស និងការសង្កេតផែនដី៖ ក្រុមហ៊ុន Airbus Defence and Space (ADS) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែករូបភាពពីផ្កាយរណប សម្រាប់គោលដៅស៊ីវិល ដូចជាវិស័យបរិស្ថាន និងកសិកម្ម។ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅជួយកម្ពុជាក្នុងការកសាងជំនាញបច្ចេកទេស និងឈានទៅអភិវឌ្ឍកម្មវិធីអវកាសផ្ទាល់ខ្លួននាពេលអនាគត។
២. វិស័យថាមពល៖ ក្រុមហ៊ុនអគ្គិសនីបារាំង EDF គ្រោងនឹងចុះហត្ថលេខាជាផ្លូវការលើគម្រោងអភិវឌ្ឍន៍ស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក (Pumped-Storage Power Station) នៅកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគសរុបលើសពី ១ពាន់លានអឺរ៉ូ។ នៅក្នុងគម្រោងវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជានឹងកាន់កាប់ភាគហ៊ុនចំនួន ៤៩% ខណៈក្រុមហ៊ុន EDF និងដៃគូវិនិយោគកាន់កាប់ភាគហ៊ុន ៥១%។
៣. វិស័យការពារជាតិ៖ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនឹងផ្តោតជាចម្បងលើការបណ្តុះបណ្តាលនាយទាហានកម្ពុជា។ ទោះបីជាក្រុមហ៊ុនការពារជាតិបារាំងបានចាប់ផ្តើមស្វែងរកឱកាសលក់សព្វាវុធមកកម្ពុជា បន្ទាប់ពីសហរដ្ឋអាម៉េរិកបានដកបម្រាមលក់អាវុធកាលពីឆ្នាំមុនក្តី ក៏ព័ត៌មានសម្ងាត់នេះបានរាយការណ៍ថា មិនទាន់មានកិច្ចព្រមព្រៀងទិញលក់អាវុធណាមួយនៅឡើយទេ ដោយសារក្រុមហ៊ុនបារាំងមិនចង់ឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីផ្សារដ៏ធំរបស់ខ្លួននៅប្រទេសថៃ ចំពេលដែលមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
៤. វិស័យអាកាសយានដ្ឋាន និងសន្តិសុខអាកាសចរណ៍៖ កិច្ចពិភាក្សានឹងផ្តោតលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ បន្ទាប់ពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Security Aviation Kampuchea (Sakam) ជួបបញ្ហារាំងស្ទះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ទោះបីជាមិនទាន់មានការចុះហត្ថលេខាជាផ្លូវការក្តី ក្រុមហ៊ុន Vinci Airports អាចនឹងប្រើប្រាស់ឱកាសនេះដើម្បីពិភាក្សាជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការស្វែងរកឱកាសគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានសៀមរាបឡើងវិញ ចំណែកក្រុមហ៊ុន Amarante International ក៏បង្ហាញបំណងចង់ក្លាយជាប្រតិបត្តិករសន្តិសុខថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
គួររំលឹកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់អតីតប្រធានាធិបតីបារាំង លោក ហ្សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងលោក ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣៕






























