អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ២៥​ គ្រួសារ ​នៅ​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ ខេត្តកំពង់​ធំ​ បាន​ទទួល​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ឃុំ​ដង​កាំបិត​ ស្រុកសណ្តាន់ ខេត្ត​កំពង់​ធំ​ បាន​ដឹក​នាំ​សហការី រួមជាមួយអាជ្ញាធរដែនដី​ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ទៅ​ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន ២៥ គ្រួសារ នៅឃុំ​ដង​កាំបិត​ ។ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មាត់​ស្ទឹង​សែន​ ភូមិ​ស្រែវាល​ខាង​កើត​ ក្នុង​ឃុំ​ដង​កាំបិត​ ស្រុកសណ្តាន់ ខេត្ត​កំពង់​ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ ដែលសម្ដេច ឯកឧត្តម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។ ជាមួយនោះដែរ សម្ដេច ឯកឧត្តម និងលោកជំទាវ សូមជូនពរលោកពូ អ្នកមីង អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះ នៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់​ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញកសិផលផ្សេងៗ និងការធ្វើចរាចរណ៍​ទៅ​កាន់​ទី​រួម​ស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះ ដោយ​មាន​ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកសណ្ដាន់ បានធ្វើឲ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយ​មានសំណង់ស្ទាក់ទឹក​មានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ​ ។ ព្រមជាមួយនោះ ផ្លូវលំ ស្ពានថ្នល់ ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹង និងនៅប៉ែកខាងកើតស្ទឹងសែន ក្នុង​ឃុំ​ដង​កាំបិត​យើង​។ ទីវត្តអារាមត្រូវបានក្រុមការងារចុះមូលដ្ឋានឃុំ ជួយសាងសង់កុដ និងឧបដ្ឋានសាលាព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត ។ ដោយឡែក សាឡង់មួយគ្រឿងអំណោយរបស់សម្ដេចមហាបវរធិបតី ត្រូវបានក្រុមការងារប្រគល់ជូនក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែល​ជា​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ និង​បាន​សំណូមពរ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ និង​ខិតខំ​ប្រឹងប្រែង​បង្ករ​បង្កើន​ផល​ដាំ​ដុះ​ដំណាំ​ ចិញ្ចឹម​សត្វ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​នីមួយៗ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ។