ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយស្នាដៃស្រាវជ្រាវថ្មី ស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការសៀវភៅស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅប្រទេសកម្ពុជា និងតំបន់អាស៊ាន» ដែលជាស្នាដៃសហនិពន្ធរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Shandre Mugan Thangavelu សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Sunway ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សៀវភៅស្រាវជ្រាវនេះ បានលើកយកបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មកសិក្សា និងវិភាគអំពីទំនាក់ទំនង ជាមួយកំណើនសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយសេដ្ឋកិច្ចបើកចំហ ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់លទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននៅ ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។

សម្រាប់កម្ពុជាការសិក្សាបានផ្តោតលើលក្ខណៈពិសេស នៃសេដ្ឋកិច្ចដែលមានការបើកចំហផ្នែកហិរញ្ញវត្ថុ ព្រមទាំងវិវត្តនៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ការសិក្សានេះក៏បានបង្ហាញពីសារៈសំខាន់ នៃការពង្រីកលទ្ធភាពប្រើប្រាស់ សេវាហិរញ្ញវត្ថុ ដើម្បីឱ្យប្រជាពលរដ្ឋ និងធុរកិច្ចអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច បានកាន់តែទូលំទូលាយ។

ជាមួយគ្នានេះសៀវភៅបានបង្ហាញពីវិធីសាស្ត្រថ្មីក្នុងការវាស់វែង កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងវិភាគពីតួនាទី របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងហិរញ្ញប្បទានបៃតង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
ព្រមទាំងវិភាគពីតួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងហិរញ្ញប្បទានបៃតង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ស្នាដៃស្រាវជ្រាវនិងតែងនិពន្ធនេះជាការរួមចំណែកមួយបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹង និងបទពិសោធរបស់កម្ពុជា ទៅកាន់តំបន់និងអន្តរជាតិ ព្រមទាំងបង្ហាញពីការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រកំណើនប្រកបដោយចីរភាព៕