ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះលិខិតអបអរសាទរក្នុងឱកាសដែល លោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភាឡាវ កាលពីពេលថ្មីៗកន្លងទៅ ហើយលោកបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

តាមរយៈសារលិខិតឆ្លើយតប លោក សនសៃ ស៊ីផាន់ដន ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវកិត្តិយសដ៏ធំធេង និងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិតអបអរសាទររបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភាឡាវ នៅក្នុងសម័យប្រជុំសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ប្រធានរដ្ឋសភាឡាវរូបនេះ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដោយបានកត់សម្គាល់ឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងរដ្ឋសភាឡាវ និងព្រឹទ្ធសភាកម្ពុជា កាន់តែត្រូវបានពង្រឹងបន្ថែមទៀត។ វឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់របស់គណៈប្រតិភូច្រើនកម្រិត ការផ្លាស់ប្តូរបទពិសោធលើការអនុវត្តតួនាទីស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅលើវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ។

ក្នុងស្មារតីនេះ លោក សនសៃ ស៊ីផាន់ដន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្នុងការធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ កិច្ចសហប្រតិបត្តិការយូរអង្វែង ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសឡាវ និងកម្ពុជា ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កាកាន់តែច្រើនឡើង ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

ជាទីបញ្ចប់ ប្រធានរដ្ឋសភាឡាវ ក៏បានប្រសិទ្ធពរជ័យជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមមានសុខភាពល្អបរិបូរ និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច៕