(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានប្រកាសនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាលោក Alexander Darchiev ដែលជាឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក ស្រាប់តែទទួលមរណភាព ក្នុងអាយុ ៦៦ឆ្នាំ បន្ទាប់ពីបានកាន់តំណែងនេះរយៈពេលមួយឆ្នាំកន្លះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសរុស្ស៉ី បានហៅលោក Darchiev ថាជា «អ្នកការទូតឆ្នើម អ្នកដឹកនាំដ៏មានបទពិសោធន៍ និងជាមន្រ្តីរួមការងារដែលមានទឹកចិត្តសប្បុរសម្នាក់»។ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំអាមេរិក នៅក្នុងខែមីនា ឆ្នាំ២០២៥។ ទីក្រុងមូស្គូ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេអំពីដំណឹងមរណភាពនេះ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លោក Darchiev បានទទួលមរណភាព កាលពីថ្ងៃពុធ នៅឯទីក្រុងមូស្គូ។ «យើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ឯកអគ្គរដ្ឋទូត Darchiev។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ជុំវិញការទទួលមរណភាពរបស់លោក សូមទាក់ទងទៅកាន់រដ្ឋាភិបាលរុស្ស៉ី» នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
គួរបញ្ជាក់ថា លោក Darchiev ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកាណាដា ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១។ លោកគឺជាអ្នកជំនាញផ្នែកទំនាក់ទំនងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ហើយបានកាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេសរុស្ស៉ី ចន្លោះឆ្នាំ២០២១ និង២០២៤៕





























