
(សៀមរាប)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋរស់នៅទីតាំងមិនរៀបរយតាមដងផ្លូវសាធារណៈ ក្នុងខេត្តសៀមរាប។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសទៅលើការស្វែងរកដំណោះស្រាយ និងការរៀបចំទីជម្រកសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ ឬតាមដងផ្លូវសាធារណៈ។
ជាក់ស្តែង នៅខេត្តសៀមរាបមានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន ១,៧៣៨គ្រួសារ ស្មើនឹង ១,៥៥១ខ្នងផ្ទះ ដែលក្រសួងនិងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។
បើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី «ក្រសួងមិនត្រឹមតែគិតគូរអំពីការដោះស្រាយបញ្ហាទីតាំងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងគិតគូរលើការសម្បទានជម្រកសង្គម និងវិធានការគាំទ្រផ្សេងៗ ដើម្បីធានាឱ្យបងប្អូនទទួលបានទីជម្រកដែលមានសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ»។
លោក បន្តថា កិច្ចការងារនេះ គឺដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានលំនឹងជីវភាព មានបន្ទប់គេងស្អាត បន្ទប់ទឹកស្អាត ចង្ក្រានបាយស្អាត មានម្ហូបអាហារលើតុ ព្រមទាំងមានសណ្តាប់ធ្នាប់រស់នៅល្អប្រសើរ និងមានឱកាសក្នុងការកសាងអនាគតគ្រួសារប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ៕































