អ៉ីរ៉ង់ ប្រាប់វេទិកា COP31 ថាចង់បានសំណងការខូចខាតបរិស្ថាន បង្កឡើងដោយការ​វាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល

(ANTALYA)៖ នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ (COP31) កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកចង់បានសំណងការខូចខាតបរិស្ថាន ដែលបង្កឡើងដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដោយលោកបានលើកឡើងថា បញ្ហានេះមានពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Pezeshkian គូសបញ្ជាក់ដូច្នេះថា «យើងរំពឹងថា សហគមន៍អន្តរជាតិនឹងបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ និងមានអត្ថន័យ រវាងការប្តេជ្ញាចិត្តលើបញ្ហាអាកាសធាតុក្នុងគ្រាមានសន្តិភាព និងការទទួលខុសត្រូវក្នុងគ្រាមានសង្គ្រាម ព្រមទាំងកត់ត្រាទុក និងវាយតម្លៃការខូចខាតបរិស្ថានដែលបង្កឡើងដោយការឈ្លានពានផ្នែកយោធា ហើយបង្កើតយន្តការផ្តល់សំណង»។

ការលើកឡើងនេះគឺជាផ្នែកមួយនៃសុន្ទរកថាជាបន្តបន្ទាប់ដោយបណ្តាមេដឹកនាំប្រទេស នៅថ្ងៃទី៣នៃ COP31 រយៈពេលពីរសប្តាហ៍ ក្នុងប្រទេសតួគីយ៉េ។ បច្ចុប្បន្ន កិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ រួមមានការផ្តល់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារពីសំណាក់ប្រទេសអ្នកមាន ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានលទ្ធភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងដោះស្រាយផលប៉ះពាល់នានាដែលកើតចេញពីបញ្ហានេះ ប៉ុន្តែមិនមានបទប្បញ្ញត្តិណាមួយគ្របដណ្តប់លើផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការវាយប្រហារផ្នែកយោធានោះទេ។

សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបង្កសង្រ្គាមជាមួយអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។ សង្រ្គាមនេះបានបានរាលដាលដល់លីបង់ និងតំបន់ឈូងសមុទ្រ ដោយរួមបញ្ចូលទាំងការវាយប្រហារជាបន្តបន្ទាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៉ីរ៉ង់ និងទូទាំងតំបន់ ព្រមទាំងការវាយប្រហារលើនាវាដឹកជញ្ជូនផ្លូវសមុទ្រ។ អ៉ីរ៉ង់ ក៏បានសងសឹកដោយការវាយប្រហារច្រើនលើកទៅលើនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ។ ការវាយប្រហារទាំងនោះបង្កការខូចខាតដល់បរិស្ថាន រួមទាំងការលេចធ្លាយប្រេងក្នុងកម្រិតធំ៕