សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ​ហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៤៧ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅទីក្រុងម៉ានីល នៃ​សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

អាយប៉ា គឺ​ជាវេទិកាតំបន់របស់សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសសមាជិកចំនួន១០ រួមមាន ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

មហាសន្និបាតអាយប៉ាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាដ៏សំខាន់សម្រាប់តំណាងរាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រ និងគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី និងផ្អែកលើច្បាប់ រួមចំណែកជាមួយអាស៊ានដែលជាស្ថាប័ននីតិប្រតិបត្តិតំបន់ ក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលសភានៃសាធារណរដ្ឋហ្វីលីពីនជាម្ចាស់ ប្រារព្ធធ្វើក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជនជាស្នូល»។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានានៃមហាសន្និ​បាតអាយប៉ាលើកទី៤៧។

សម្ដេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីអនុម័ត​របៀបវារៈ និងដំណើរការនៃមហាសន្និបាតអាយប៉ាលើកទី៤៧ និងការពិភាក្សាអនុម័តផែនការសកម្មភាពសំខាន់ៗរបស់អាយប៉ានាពេលអនាគត ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្ត្រីលើកទី៣ និងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត។

ទន្ទឹមនឹងនោះ សមាជិក សមាជិកាគណៈប្រតិភូផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ១៨ ប្រទេសផងដែរ។

អំឡុងពេលស្នាក់នៅទីក្រុងម៉ានីល សម្ដេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទេសជាមិត្តមួយចំនួន ដែលជាសមាជិកអាយប៉ា និងជាសភាសង្កេតការណ៍អាយប៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍នានាដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោកឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមតែជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុភាគីនិយមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ ទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងក្នុងតំបន់ និងសកលលោក៕