(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឯកភាពគ្នាកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អំពីសារសំខាន់នៃកិច្ចពិភាក្សាកម្រិតមេដឹកនាំ ដើម្បីជំរុញសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ រាប់បញ្ចូលទាំងក្នុងកិច្ចប្រជុំកំពូលត្រីភាគីណាមួយ ដែលអាចមានការចូលរួមពីរុស្ស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម X ថា លោក Rubio បានសន្ទនាតាមទូរស័ព្ទជាមួយលោក Wang Yi ដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅចូលរួមកិច្ចប្រជុំកំពូល APEC នៅឯប្រទេសចិន នាសប្តាហ៍ក្រោយ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់រដ្ឋ Florida ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅខែធ្នូ។
ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរបានរំឭកឡើងវិញអំពី «ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំង២ ក្នុងការកសាងទំនាក់ទំនង ប្រកបដោយស្ថិរភាពជាយុទ្ធសាស្ត្រ និងមានលក្ខណៈស្ថាបនា ដោយផ្អែកលើការគោរព យុត្តិធម៌ និងបដិការ»។ ក្រសួងការបរទេសអាមេរិក បានបន្ថែមថា មេដឹកនាំទាំង២ បានឯកភាពលើសារសំខាន់ នៃកិច្ចពិភាក្សាប្រកបដោយអត្ថន័យ នៅកម្រិតមេដឹកនាំ ដើម្បីជំរុញគោលដៅនានា ដូចជាសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ រួមទាំងតាមរយៈកិច្ចប្រជុំមេដឹកនាំត្រីភាគី ដែលអាចមានការចូលរួមពីរុស្ស៊ីផងដែរ។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍របស់ចិន អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Rubio និងលោក Wang ដែលចេញផ្សាយមុននោះ គឺមិនមានលើកឡើងពីការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ឬកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ីទេ។
គួរបញ្ជាក់ថា លោក ស៊ី និងលោក ត្រាំ បានជួបគ្នា២លើករួចមកហើយក្នុងឆ្នាំនេះ។ កាលពីថ្ងៃអង្គារ លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា ការងាររៀបចំកំពុងប្រព្រឹត្តទៅ សម្រាប់កិច្ចប្រជុំត្រីភាគីមួយ នៅក្រៅក្របខណ្ឌកិច្ចប្រជុំ APEC ដែលអាចមានការចូលរួមពីលោក ត្រាំ លោក ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បាននិយាយថា រូបលោកប្រហែលនឹងជួបលោក ស៊ី និងលោក ពូទីន នៅទីក្រុង Shenzhen ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៉ីរ៉ង់ និងការរំសាយអាវុធនុយក្លេអ៊ែរ៕

































