(ឌុយប្លាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាទីក្រុងកៀវសង្ឃឹមថា នឹងសម្រេចបានលទ្ធផលជាក់ស្តែង ក្នុងកិច្ចចរចាដើម្បីដោះស្រាយសង្គ្រាមជាមួយរុស្ស៊ីនៅក្នុងឆ្នាំនេះ ប៉ុន្តែវឌ្ឍនភាព គឺអាស្រ័យជាខ្លាំងលើរបៀបដែលសហរដ្ឋអាមេរិកប្រកាន់ជំហរចំពោះទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ ក្នុងពេលជួបជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Michael Martin បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលដឹកនាំដោយសហរដ្ឋអាមេរិក រវាងក្រុមអ្នកចរចាអ៊ុយក្រែននិងរុស្ស៊ី នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោក ហ្សេលេនស្គី បានថ្លែងក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «យើងកំពុងរស់នៅ ក្រោមការវាយប្រហារទ្រង់ទ្រាយធំទាំងនេះ។ ប្រាកដណាស់ ពួកយើងចង់ទទួលបានលទ្ធផលនៅត្រឹមដំណាច់ឆ្នាំនេះ ហើយជាការពិត យើងនឹងខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីឱ្យរឿងនេះកើតឡើង»។
កិច្ចចរចាដឹកនាំដោយអាមេរិកក្នុងសប្តាហ៍នេះ គឺជាកិច្ចចរចាលើកដំបូង គិតចាប់តាំងពីខែកុម្ភៈ ហើយបានឈានដល់ការព្រមព្រៀងគ្នា ស្តីពីការដោះលែងអ្នកទោសសង្គ្រាម ប៉ុន្តែមិនទាន់មានការប្រកាសសំខាន់ជាក់ស្តែងណាមួយ អំពីវិធានការសំដៅទៅបញ្ចប់សង្គ្រាម នៅឡើយទេ។ បេសកជនពិសេសទាំង២រូប របស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយបន្ទាប់មកនឹងបន្តដំណើរពីទីនោះទៅជួបលោក ហ្សេលេនស្គី នៅទីក្រុង Dublin។
គួរបញ្ជាក់ថា បើតាមលោក Kushner ភាគីជម្លោះទាំងពីរ ហាក់នៅតែមិនមានទំនុកចិត្តលើគ្នាទៅវិញទៅមក ប៉ុន្តែលោកបានចាត់ទុក កិច្ចចរចានៅទីក្រុង Abu Dhabi ថាជាជំហានដំបូងដ៏ល្អមួយ។ រីឯមន្រ្តីចរចាអ៊ុយក្រែន លោក David Arakhamia បាននិយាយថា កិច្ចចរចានេះមានភាពតានតឹងនិងពិបាក ប៉ុន្តែវាបានបង្កើតសន្ទុះវិជ្ជមាន ឆ្ពោះទៅរកការស្វែងរកដំណោះស្រាយមួយ មុនដំណាច់ឆ្នាំនេះ។ ចំណែកប្រធានក្រុមអ្នកចរចារបស់រុស្ស៊ី លោក Vladimir Medinsky បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោកយល់ថា កិច្ចព្រមព្រៀងសន្តិភាពកាន់តែខិតជិតជាងមុន បន្ទាប់ពីកិច្ចចរចានេះ ប៉ុន្តែលោកបានបន្ថែមថា លទ្ធផលគឺអាស្រ័យខ្លាំងទៅលើអ៊ុយក្រែន និងជំហររបស់សហរដ្ឋអាមេរិក៕
































