បណ្តាមេដឹកនាំពិភពលោក លើកឡើងនូវអាទិភាពផ្ទុយគ្នាពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ ខណៈ COP31 ឈានចូលដំណាក់កាលចរចា

(ANTALYA)៖ នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ (COP31) ក្នុងប្រទេសតួគីយ៉េ បណ្តាមេដឹកនាំពិភពលោក បានលើកឡើងនូវជំហរផ្ទុយគ្នា និងដាក់ចេញនូវសំណើមិនស្របគ្នា អំឡុងពេលពីរថ្ងៃនៃការថ្លែងសុន្ទរកថាដ៏ក្តៅគគុក ដែលស្ថានភាពបែបនេះធ្វើឱ្យក្រុមអ្នកចរចាប្រឈមមុខនឹងការលំបាក ក្នុងការតាក់តែងកិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ ដែលអាចឱ្យភាគីទាំងអស់ព្រមទទួលយក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

បណ្តាប្រទេសកោះតូចៗ ដែលស្ថិតក្នុងចំណោមក្រុមប្រទេសងាយរងគ្រោះបំផុតលើពិភពលោក ចំពោះមុខការឡើងកម្តៅផែនដីដែលធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងនោះ បានអំពាវនាវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់។ ក្នុងពេលជាមួយគ្នា បណ្តាមេដឹកនាំអឺរ៉ុប បានបង្ហាញការគាំទ្រចំពោះសំណើពង្រីកការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងពិភពលោក ខណៈដែលប្រទេសកំពុងអភិវឌ្ឍបានស្នើសុំហិរញ្ញប្បទានបន្ថែមពីប្រទេសអ្នកមាន ហើយក្រុមអ្នកផលិតឥន្ធនៈហ្វូស៉ីល បានលើកឡើងថាប្រេង ឧស្ម័ន និងធ្យូងថ្ម គួរតែបន្តត្រូវបានប្រើប្រាស់តទៅទៀត។

ក្រៅពីខិតខំសម្រុះសម្រួលភាពមិនចុះសម្រុងនឹងគ្នា ដែលបានលើកឡើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ហើយនោះ តួគីយ៉េក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងអូស្ត្រាលីក្នុងនាមជាអ្នកដឹកនាំការចរចា ក៏កំពុងប្រឈមនឹងបញ្ហាប្រឈមមួយទៀត គឺការជំរុញឱ្យមានវឌ្ឍនភាព ក្នុងគ្រាដែលសង្គ្រាម និងអតិផរណា បាននិងកំពុងធ្វើឱ្យបញ្ហាពាក់ព័ន្ធនឹងអាកាសធាតុ ធ្លាក់លំដាប់អាទិភាពនៅក្នុងរបៀបវារៈនយោបាយ។

លោក Chris Bowen ប្រធានក្រុមចរចាសម្រាប់ COP31 ប្រាប់ Reuters ថា «តួនាទីរបស់ខ្ញុំគឺដឹកដៃគ្នាឆ្ពោះទៅរកការឯកភាព មិនមែនជាការគោះតុទាមទារឱ្យមានសកម្មភាពជាក់លាក់ណាមួយឡើយ»។ នៅពេលត្រូវបានសួរថា តើកិច្ចព្រមព្រៀងដ៏ល្អមួយអាចមានលក្ខណៈបែបណា លោកបានឆ្លើយតបថា «ខ្ញុំនៅមានការពិគ្រោះយោបល់ច្រើនម៉ោងទៀត ដែលត្រូវធ្វើជាមួយដៃគូផ្សេងៗ» ដោយឡែក ក្រុមសកម្មជនផ្នែកអាកាសធាតុ បានលើកឡើងថា កង្វល់នយោបាយរយៈពេលខ្លី មិនគួរក្លាយជាឧបសគ្គដល់ការដោះស្រាយបញ្ហាមួយ ដែលនឹងកាន់តែមានភាពបន្ទាន់ ប្រសិនបើគេបន្តព្រងើយកន្តើយចំពោះវានោះទេ៕