
(ភ្នំពេញ)៖ នៅវេលារំលងអាធ្រាត្រចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងនៅប្រទេសហ្វីលីពីនជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦នេះ។
កិច្ចប្រជុំកំពូលអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីជាទីកន្លែងជួបជុំសម្រាប់មេដឹកនាំអាស៊ានទាំង១១ប្រទេសហើយនោះ ក៏ជាវេទិកាជួបជុំដ៏សំខាន់សម្រាប់ប្រទេសជាដៃគូសន្ទនា មានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា នូវែលសេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិកជាដើម។
នៅឆ្នាំនេះ ដោយកម្ពុជាទទួលភារៈជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួននោះឡើយ។ ក្រោយចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ទើបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើដំណើរទៅប្រទេសហ្វីលីពីន។

ពេញមួយថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៩, កិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៩, កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អង់តូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ឡូរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅហ្វីលីពីន។ ក្នុងពិធីនោះ ក៏មានការប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ជូនទៅលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីដឹកនាំអាស៊ានឆ្នាំ២០២៧ ដែលជាខួប៦០ឆ្នាំនៃការចាប់កំណើតឡើងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕





































