
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមហ៊ុន SBI Holdings Inc. ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសជប៉ុន បានប្រកាសចាប់ផ្ដើមអនុវត្តការធ្វើតេស្តសាកល្បង (Proof of Concept) លើការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដោយប្រើប្រាស់ Stablecoins។
គំនិតផ្ដួចផ្ដើមនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Black Swan Summit Cambodia។
គោលបំណងនៃការសិក្សា និងសាកល្បងប្រើប្រាស់ Stablecoins សម្រាប់ការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយពេលវេលានៃការទូទាត់ និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសជប៉ុន ក្នុងការផ្ញើប្រាក់មកគ្រួសារនៅស្រុកកំណើតឱ្យកាន់តែរហ័ស មានសុវត្ថិភាព និងចំណាយតិច។
ការធ្វើតេស្តសាកល្បងនេះ ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុឌីជីថលថ្មីៗ ដែលមានសក្ដានុពលខ្ពស់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ទេរប្រាក់ឆ្លងដែន។
គម្រោងសាកល្បងនេះ ផ្ដោតសំខាន់លើផ្នែកបច្ចេកទេស សុវត្ថិភាព ប្រសិទ្ធភាពប្រតិបត្តិការ ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ដែលមានស្រាប់ និងការអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីកំណត់លទ្ធភាពនៃការដាក់ឱ្យដំណើរការគម្រោងនេះ នាពេលអនាគត។
ការប្រកាសពីគំនិតផ្ដួចផ្ដើមនេះ ជារបៀបវារៈមួយនៅក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិប្លែកស្វនកម្ពុជា ដែលឆ្លុះបញ្ចាំងពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថលនេះ ជាពិសេសការផ្សព្វផ្សាយជាសកលពីវឌ្ឍនភាព និងនវានុវត្តន៍ថ្មីៗដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា បាននិងកំពុងសិក្សា អភិវឌ្ឍ និងធ្វើតេស្តសាកល្បងមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅលើទីផ្សារ។
ការចាប់ផ្ដើមអនុវត្តគំនិតផ្ដួចផ្ដើមនេះ បានផ្ដល់សារៈសំខាន់ជាច្រើនដល់សាធារណជន និងធុរជនក្នុងការស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីនៃផលិតផល និងសេវាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
បន្ថែមលើនេះ ចំពោះអ្នកចូលរួមអន្តរជាតិ ការប្រកាសពីការធ្វើតេស្តសាកល្បងនេះ នឹងផ្ដល់ជាបទពិសោធន៍ ព្រមទាំងជាគំនិតក្នុងការសិក្សាស្រាវជ្រាវបន្ថែមអំពីនវានុវត្តន៍ហិរញ្ញវត្ថុថ្មីៗដែលអាចដាក់ឱ្យប្រើប្រាស់បានទៅតាមបរិបទនៃប្រទេសរៀងៗខ្លួន៕


































