
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្ដកម្មវិធីអប់រំគុណតម្លៃអូឡាពិក ឆ្នាំ២០២៦ តាមបណ្ដាខេត្តហើយ ក្រោយបញ្ចប់យុទ្ធនាការនេះ តាមបណ្ដាវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ កាលពីថ្មីៗ ខណៈ NOCC បានដាក់បញ្ចូលនូវគម្រោងពិសេសមួយ ដោយពង្រីកយុទ្ធនាការដល់បណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅភូមិរង់ចាំ ដែលនឹងទទួលបានការគាំទ្រពិសេសពីចលនាអូឡាំពិកអន្ដរជាតិ ក្រោមគម្រោង «កីឡា ដើម្បីសន្ដិភាព – GAMES FOR PEACE»។
នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC ក្រោយបញ្ចប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្ដាលនាថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ដោយមានសិស្សានុសិស្សប្រមាណ ២០០នាក់ចូលរួម ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅពីគណៈគ្រប់គ្រងសាលា និងបានចាត់ទុកជាកម្មវិធីដ៏ល្អ ដើម្បីបំផុសការយល់ដឹងពីចលនាអូឡាំពិក ក៏ដូចជាជំរុញសកម្មភាពកីឡាដល់សិស្សានុសិស្សថែមទៀត។

ស្របតាមគោលបំណងនៃកម្មវិធីប្រចាំឆ្នាំខាងលើ សិស្សានុសិស្សគ្រប់រូបទទួលបានការបញ្ជ្រាបចំណេះដឹងអំពីគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិក ដែលមានអាយុកាលជិត ៣,០០០ឆ្នាំមុន ក៏ដូចជាការចូលរួមលេងកីឡា ក្រោមយុទ្ធនាការ «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត» ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ។
បន្ទាប់ពីខេត្តកណ្ដាល ក្រុមការងាររៀបចំកម្មវិធីគុណតម្លៃអូឡាំពិក ត្រៀមបន្ដយុទ្ធនាការនេះ ទៅតាមបណ្ដាខេត្តជាច្រើនទៀត ដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺជាដើម ជាពិសេសឆ្នាំនេះ NOCC នឹងពង្រីកយុទ្ធនាការទៅដល់បណ្ដាខេត្តជាប់ព្រំដែន ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងផ្ដល់ឱកាសឲ្យសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការឈ្លានពាន ឲ្យទទួលបានសិទ្ធិ និងឱកាសលេងកីឡា ក្នុងការពង្រឹងសាមគ្គីភាព និងលើកកម្ពស់សុខភាព ផ្លូវកាយ និងផ្លូវចិត្ត ដល់ប្រជាពលរដ្ឋគ្រប់វ័យ ពិសេសបងប្អូនរស់នៅភូមិរង់ចាំតែម្ដង។

លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា «កីឡា គឺជាសិទ្ធិរបស់មនុស្សគ្រប់វ័យ មិនថាពួកគាត់កំពុងស្ថិតក្នុងស្ថានភាពបែបណា ឬរងការឈ្លានពាននោះទេ ពួកគាត់មានសិទ្ធិលេងកីឡា ដើម្បីពង្រឹងនូវសាមគ្គីភាព មិត្តភាព ជាពិសេសដើម្បីឲ្យពួកគាត់បានរំលែក ក៏ដូចជាសម្រាលនូវអារម្មណ៍រងផលប៉ះពាល់ តាមរយៈសកម្មភាពកីឡា។ យើងក៏មានគម្រោងពិសេសដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទៅតាមលទ្ធភាពរបស់យើង ក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិក នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រាប់គាំទ្រដល់បងប្អូនប្រជាជននៅភូមិរង់ចាំ ដើម្បីឲ្យពួកគាត់មានរចនាសម្ព័ន្ធសមស្របណាមួយ បានចូលរួមលេងកីឡាជាប្រចាំ ព្រោះការចូលរួមលេងកីឡា ជាកត្ដាសំខាន់ជួយឲ្យពួកគាត់ទទួលបានស្មារតីភ្លឺថ្លា និងមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដផងដែរ»។
លោកបន្ថែមទៀតថា នេះគឺជាគម្រោងពិសេសដោយឡែកពីកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលផ្ដួចផ្ដើមឡើងដោយ NOCC ក្រោយមើលឃើញពីផលប៉ះពាល់នៃការឈ្លានពានពីប្រទេសជិតខាង ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ត្រូវមកស្នាក់នៅភូមិរង់ចាំ និងជួបប្រទះកង្វះខាតហេដ្ឋារចនាសម្ព័ន្ធកីឡា។ ក្នុងន័យនេះ NOCC បានស្វែងរកការគាំទ្រពីចលនាអូឡាំពិកអន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រណាមួយ សម្រាប់ផ្ដល់ឱកាសឱ្យយុវជននៅទីនោះអាចលេងកីឡាបានដូចប្រជាពលរដ្ឋទូទៅ សំដៅជួយសម្រាល និងព្យាបាលផ្លូវចិត្តដែលរងការប៉ះទង្គិច ក៏ដូចជាកាត់បន្ថយភាពនឹករឭកដល់ផ្ទះសម្បែងផងដែរ៕




































