សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៩

(ហ្វីលីពីន)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៩ ដែលរៀបចំឡើង​នៅប្រទេសហ្វីលីពីន ជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦នេះ។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៩ ដឹកនាំរួមគ្នាដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វែឌីណាន់ រ៉ូម៉ាអល់ដេស ម៉ាកូស (Ferdinand R. Marcos Jr.) ជាប្រធានអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអិជិ សាណាយ៉ិ (Sanae Takaichi)។

សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានចាប់ផ្តើមទំនាក់ទំនងសន្ទនាក្រៅផ្លូវការនៅ ឆ្នាំ១៩៧៣ ហើយ​បាន​ក្លាយជាដៃគូសន្ទនាផ្លូវការនៅ ខែមីនា ឆ្នាំ១៩៧៧។ ប្រទេសជប៉ុនគឺជាដៃគូសន្ទនាដំបូងគេបង្អស់​របស់​អាស៊ាន។

ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងជប៉ុន បាននាំមកនូវកំណើនសេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដល់តំបន់ទាំងមូល។ ភាគីទាំងពីរផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន​បី រួមមានដៃគូដើម្បីសន្តិភាព និងស្ថិរភាព ដៃគូដើម្បីរួមគ្នាបង្កើតសេដ្ឋកិច្ច និងសង្គមនាពេលអនាគត និងដៃគូពីបេះដូងទៅបេះដូងឆ្លងកាត់ជំនាន់។ សសរស្តម្ភទាំងនេះត្រូវបានដាក់ចេញជាផ្លូវការក្នុងកិច្ចប្រជុំ​កំពូល​រំលឹក​ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣។ ក្រៅពីសសរស្តម្ភទាំង៣ អាស៊ាន និងជប៉ុន មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំទី៤ និងជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ធំទី ២ របស់​អាស៊ាន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) បានជួយកាត់​បន្ថយ​ពន្ធគយ និងបើកទីផ្សារសម្រាប់ប្រជាជនជាង ៨០០លាននាក់៕