CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន

(វ៉ាស៊ីនតោន)៖ ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាអ៉ីរ៉ង់កំពុងរៀបចំផែនការបើកការវាយប្រហារដោយកំណត់គោលដៅលើក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈការបំផ្ទុះគ្រាប់បែកមានផ្ទុកធាតុវិទ្យុសកម្ម ឬអាវុធគីមី នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈក្រុមមន្ត្រីអាមេរិកកំពុងជជែកដេញដោយថាតើអ៉ីរ៉ង់អាច ឬក៏នឹងអនុវត្តតាមផែនការនេះឬក៏យ៉ាងណា? ប្រភពពីក្រុមមន្ត្រីអាមេរិកបានប្រាប់ CNN​ ទៀតថាក្នុងពេលនេះផែនការរបស់អ៉ីរ៉ង់គ្រាន់តែជម្រើសមួយប៉ុណ្ណោះមិនមែនជាការឱ្យសញ្ញាពីការវាយប្រហារភ្លាមៗនោះទេ។ តែទោះជាបែបនេះក្ដី ផែនការរបស់អ៉ីរ៉ង់ដែលត្រូវបានលើកឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក គឺមានភាពជាក់លាក់ ដូចជាទីតាំង និងគោលដៅ។

ជុំវិញព័ត៌មាននេះដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Lauren Bis បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកកំពុងតាមដានរាល់ភាពអាចទៅរួចនៃការគំរាមកំហែង តែបច្ចុប្បន្នមិនមាន ការគំរាមកំហែងពិតប្រាកដណាមួយនៅលើទឹកដីសហរដ្ឋអាមេរិកនោះឡើយ។

គួរបញ្ជាក់ថា បើតាម CNN ក្រុមមន្ត្រីអាមេរិកមើលឃើញថាព័ត៌មានស៊ើបការណ៍សម្ងាត់ខាងលើគឺជាការឱ្យសញ្ញាមួយនៃឆន្ទៈចង់បង្កើនជម្លោះរបស់អ៉ីរ៉ង់ ខណៈតេហេរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធាអាមេរិក ជាពិសេសគឺការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់ដោយយោធាអាមេរិក៕