(ម៉ានីល)៖ ប្រទេសអូស្ត្រាលី និងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានគោលបំណងពន្លឿនកិច្ចសហប្រតិបត្តិការយោធា និងពង្រឹងសមត្ថភាពទប់ស្កាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងថ្មី ដែលជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈអាយុដែលមានស្រាប់កាលរាប់ទសវត្សរ៍មកហើយនោះ ត្រូវបានចុះហត្ថលេខាក្នុងឱកាសនៃជំនួបថ្នាក់ដឹកនាំនៅទីក្រុងម៉ានីល ដោយមានវត្តមាននាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចូលរួម។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro ប្រាប់ក្រុមអ្នកសារព័ត៌មានថា «កិច្ចព្រមព្រៀងនេះ អាចឱ្យយើងធ្វើការបានកាន់តែរហ័សជាងមុន។ វាក៏នឹងពង្រឹងគោលជំហររារាំង នៅក្នុងទីតាំងនានាដែលយើងមានយុត្តាធិការ» ដោយសំដៅទៅលើតំបន់មានវិវាទក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងម៉ានីល និងទីក្រុងកង់បេរ៉ា បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាបន្តបន្ទាប់ ដែលរួមមានការល្បាតដែនសមុទ្រក្នុងតំបន់សមុទ្រចិនខាងត្បូង រួមទាំងការធ្វើសមយុទ្ធយោធានៅលើគោក។ តាមលោក Teodoro កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងហ្វីលីពីន អាចស្វែងយល់កាន់តែច្បាស់អំពីឧបករណ៍ និងសព្វាវុធរបស់អូស្ត្រាលី ដែលនឹងជួយសម្រួលដល់ដំណើរការនៃការហ្វឹកហ្វឺនរួមគ្នា៕






























