
(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ព្រមទាំងបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាពេលនេះ ថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។
ការកោតសរសើរ និងការអបអរសាទររបស់ប្រមុខរដ្ឋបារាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកប្រធានាធិបតីបារាំង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូរវាងបារាំង និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់ លោកប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា ថាជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល (Charles de Gaulle) មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ លោកប្រធានាធិបតីបារាំងនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងសមត្ថភាព ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាផងដែរ។
គួរជម្រាបជូនថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ កម្ពុជា និងបារាំង បានដាក់ចេញនូវសេចក្តីប្រកាសនយោបាយរួម និងបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ សន្តិសុខ និងការពារជាតិ ថាមពល សុខាភិបាល អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) វប្បធម៌ និងកសិកម្ម៕



































