ចិនបញ្ជាក់ថា កិច្ចប្រជុំកំពូល «ស៉ី-ត្រាំ-ពូទីន» លើកដំបូងបំផុត នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

(ប៉េកាំង)៖ ប្រទេសចិនបានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមជាមួយសមភាគីអាមេរិកនិងរុស្ស៊ី គឺលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងទីក្រុង Shenzhen។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងការបរទេសចិន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនាថ្ងៃចន្ទនេះ ដូច្នេះថា «នៅថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងរៀបចំកិច្ចប្រជុំរវាងប្រមុខរដ្ឋចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង Shenzhen»។ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ រួមទាំងប្រធានបទដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅទីក្រុងភាគខាងត្បូងប្រទេសចិន។

កិច្ចប្រជុំខាងលើត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលមេដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ វិមានក្រឹមឡាំងនិងសេតវិមាន ក៏បានបញ្ជាក់ទទួលស្គាល់ពីគម្រោងកិច្ចប្រជុំត្រីភាគីនេះរួចមកហើយដែរ។មន្ត្រីអាមេរិកបានឱ្យដឹងថា លោក ត្រាំ ចង់ពិភាក្សាអំពីការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរ ហើយក៏គ្រោងនឹងលើកឡើងពីសង្គ្រាមរបស់លោកនៅអ៉ីរ៉ង់ផងដែរ ប៉ុន្តែលោកមិនត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា បើតាមប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier គឺក្នុងជំនួបមួយនាពេលថ្មីៗនេះ លោក ស៊ី បានបង្ហាញសញ្ញាមិនសប្បាយចិត្ត នៅពេលមានការលើកឡើងអំពីលទ្ធភាពនៃការពិភាក្សាបញ្ហាអ៊ុយក្រែន ក្នុងកិច្ចប្រជុំត្រីភាគីនេះ។ លោក Steinmeier បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដូច្នេះថា «លោក ស៉ី បានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាជម្លោះនៅឯតំបន់អឺរ៉ុប ហើយប្រទេសអឺរ៉ុបចាំបាច់ត្រូវតែមានវត្តមាននៅក្នុងតុចរចា»។ រី​ឯពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនបានប្រកាន់ជំហរជាយូរមកហើយថា អាមេរិកនិងរុស្ស៊ី ត្រូវតែកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំសម្បើមរបស់ខ្លួនជាមុនសិន មុនពេលចិនយល់ព្រមចូលរួមកិច្ចចរចាអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕