ប្រធានាធិបតីប៊ុលហ្គារី លោកជំទាវ Iliana Lotova ​អញ្ជើញ​ទស្សនាទិដ្ឋភាព​ទូទៅ​នៅផ្លូវថ្មើរជើងចតុមុខ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាក់ស្ដែងលោកជំទាវ Iliana Lotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ នាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

វត្តមានរបស់លោកជំទាវប្រធានាធិបតីប៊ុលហ្គារី បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និងសុវត្ថិភាពរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងមួយកំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ៩០ ប្រទេស មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ និងជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។

ការអញ្ជើញមកទស្សនារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏ធំនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាមានសុវត្ថិភាព និងត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។