ប្រធានាធិបតីឥណ្ឌូណេស៊ីសុំទោសសិង្ហបុរីនិងម៉ាឡេស៊ី ជុំវិញបញ្ហាផ្សែងអ័ព្ទបង្កឡើងដោយភ្លើងឆេះព្រៃ

(ម៉ានីល)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមរដ្ឋាភិបាលរបស់លោក បានសុំទោសប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ចំពោះផលប៉ះពាល់ដែលភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រហែលបានបង្កឡើងចំពោះ ប្រជាជននៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៉ី នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះទាំងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Prabowo បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនដែលពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ ព្រមទាំងកំពុងរៀបចំបង្កើតស្ថាប័នថ្មីមួយ ដើម្បីពង្រឹងកិច្ចប្រឹងប្រែងបង្ការភ្លើងឆេះព្រៃ។ តាមវិមានប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ សេចក្តីថ្លែងការណ៍ដូចខាងលើ ត្រូវបានធ្វើឡើងដោយលោក Prabowo អំឡុងប្រជុំមួយនៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយកាលពីថ្ងៃអាទិត្យថា ឥណ្ឌូណេស៊ីបានបង្ហាញភាពស្មោះត្រង់ និងបើកចំហយ៉ាងខ្លាំង ក្នុងការបង្ហាញពីវិធានការដែលខ្លួនបានអនុវត្ត ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «ក្រុមមេដឹកនាំអាស៊ាន ក៏បានជំរុញឱ្យប្រទេសសមាជិកទាំងអស់ ផ្តល់អាទិភាពដល់ការផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងស្តីពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងព្រំដែន» ផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុត គិតក្នុងរយៈពេល ១១ឆ្នាំមកនេះ ដោយផ្ទៃដីធំសម្បើមត្រូវបានភ្លើងឆាបឆេះ ជាពិសេសនៅលើកោះស៊ូម៉ាត្រា, កោះប័រណេអូ និងកោះប៉ាពួ៕