សហរដ្ឋអាមេរិក អ៉ីរ៉ង់វាយប្រហារសងសឹកដាក់គ្នា ទោះមានកិច្ចចរចាជាមួយក្រុមអ្នកសម្របសម្រួល

(ឌូបៃ)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយយោធាអាមេរិកវាយប្រហារលើទីតាំងបាញ់មីស៊ីលមួយរបស់អ៉ីរ៉ង់ បន្ទាប់ពីតេហេរ៉ង់អះអាងពីការវាយប្រហារលើប្រព័ន្ធរ៉ាដារបស់យោធាអាមេរិកនៅក្នុងប្រទេសបារ៉ែន បើទោះជាមានកិច្ចចរចារវាងអ៉ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលមកពីកាតា និងអូម៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសងសឹកដាក់គ្នាចុងក្រោយបំផុតនេះបានក្លាយជាការក្រើនរំឮកពីផលលំបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៩ខែមកនេះដែលបានបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃដែលបានក្លាយជាហេតុផលមួយធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បរាជ័យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។

មន្ត្រីយោធាអាមេរិកម្នាក់ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាយន្ដហោះចម្បាំងអាមេរិកបានវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ស្ថិតនៅលើកោះ Qeshm នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ជាការឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ អ៉ីរ៉ង់ប្រឆាំងនឹងកងទ័ព រួមទាំងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ ព្រមពេលជាមួយគ្នា ខាងប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់តាមរយៈការស្រង់សម្ដីពីមន្ត្រីអ៉ីរ៉ង់ម្នាក់ក៏បានអះអាងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ នោះទេ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់យោធាអាមេរិកផងដែរ កើតមានឡើងបន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃអង្គារ បាន​ឱ្យដឹងថាពួកគេបានវាយប្រហារដោយកំណត់គោលដៅលើប្រព័ន្ធរ៉ាដាយោធាអាមេរិកនៅឯមូលដ្ឋានទ័ព Sheikh Isa នៃប្រទេសបារ៉ែន ហើយថែមទាំងបានព្រមានបារ៉ែនជុំវិញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក៏ដូចជាគោលជំហរចំពោះក្រុមបុព្វជិត និកាយស៊ីអ៉ីត៕