សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ គឺ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ ពីអង្គការសិទ្ធិមនុស្សក៏ដោយតែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លាន ដុល្លារសម្រាប់អ៊ុយក្រែនដែលក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីន តោន)។ សេតវិមាន ធ្លាប់បាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន កំពុងស្ថិតនៅ ក្រោមការពិចារណាយ៉ាងល្អិតល្អន់តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ ហើយគ្រាប់បែកចង្កោម នេះអាចនឹងក្លាយជាប្រធានបទក្ដៅមួយនៅពេលដែលលោក ប្រធានាធិបតី ចូ បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី នៅសប្ដាហ៍ ក្រោយ៕