មេដឹកនាំបេឡារុស៖ ខ្ញុំមិនមែនជាមេដឹកនាំផ្ដាច់ការចុងក្រោយគេ ក្នុងតំបន់អឺរ៉ុបនោះទេ

 (មីនស្កិ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានច្រានចោលការពិពណ៌នាដែលចាត់ទុកថាលោកជា មេដឹកនាំផ្ដាច់ ការចុងក្រោយគេបំផុតនៅក្នុងតំបន់អឺរ៉ុប ជាមួយការសង្កត់ធ្ងន់ថាលោកមិនមែនជាជនផ្ដាច់ការនោះ ទេ ប៉ុន្តែបើទោះជាលោកជាជនផ្ដាច់ការក៏ដោយ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ។

លោក លូកាសិនកូ មានអាយុ ៦៨ឆ្នាំ បានដឹកនាំប្រទេសបេឡារុសជាមួយនយោបាយកណ្ដាប់ ដៃដែក ចាប់តាំងពីឆ្នាំ១៩៩៤មក ហើយក្នុងបទសម្ភាសន៍មួយ ជាមួយ Reuters ក្នុងឆ្នាំ២០១២ មេដឹកនាំបេឡារុសរូបនេះក៏ធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តនឹងកេរ្តិ៍ឈ្មោះល្បីល្បាញដែលត្រូវបានគេហៅថាជាមេដឹកនាំ ផ្ដាច់ការចុងក្រោយគេបំផុតនៅអឺរ៉ុបផងដែរ។

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដានេះ ថាតើលោកគិតបែបណាចំពោះការពិពណ៌នាបែបនេះ និង ថាតើលោកមានអារម្មណ៍យ៉ាងណា ចំពោះអ្វីដែលអាចនឹងកើតឡើងនៅក្នុងប្រទេសបេឡារុស ក្រោយការដឹកនាំរបស់លោក? លោក លូកាសិនកូបាននិយាយថា អ្នកសារព័ត៌មានគួរតែសុំទោសរូបលោក សម្រាប់ការសួរសំណួរបែប នេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯជំនួបមួយ ក្នុងវិមានឯករាជ្យរបស់បេឡារុស លោក លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងមេដឹកនាំផ្ដាច់ការចុងក្រោយគេបំផុតរបស់អឺរ៉ុប អ្នកគួរតែសុំទោសខ្ញុំនៅថ្ងៃនេះ។ ខ្ញុំមិនមែនជាជនផ្ដាច់ការ នោះទេ ហើយបើទោះខ្ញុំជាជនផ្ដាច់ការ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ»៕