ក្មេង ៧នាក់ និងមនុស្សធំ ២នាក់របួសធ្ងន់ នៅពេលរថយន្តមួយគ្រឿងបានបុកចូលអគារសាលា បឋមសិក្សាមួយ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស


 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា មនុស្ស ៩នាក់ រួមទាំងកុមារ ៧នាក់បានរងរបួស ដែលខ្លះត្រូវបាន គេជឿថា មានសភាពធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍ (៦ កក្កដា) នេះ នៅពេលដែលរថយន្តមួយគ្រឿង បានបុកចូលអគារសាលាបឋមសិក្សាមួយ នៅភាគនិរតីនៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។

អាជ្ញាធរបានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងតំបន់) នៅសង្កាត់ Wimbledon នៅភាគនិរតៃនៃទីក្រុងឡុងដ៍។

សមាជិកសភាក្នុងស្រុក លោក Stephen Hammond បានប្រាប់ BBC ថា ជនរងគ្រោះមួយចំនួន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយបានពណ៌នាឧបទ្ទវហេតុនេះថាជា «ភាពសោកសៅ និងសោក នាដកម្មអាក្រក់បំផុតមួយ»។

ទោះជាយ៉ាងណា ប៉ូលីសបាបនិយាយថា ពួកគេមិនបានចាត់ទុកឧបទ្ទវហេតុនៅសាលាឯកជន របស់ក្មេងស្រីខាងលើ ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ខណៈការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​ដើម្បី​យល់​ពី​ពីមូលហេតុនៅពីក្រោយហេតុការណ៍នេះ៕