ប្រធាន UNICEF ប្រចាំកម្ពុជា ចុះស្វែងយល់ពីស្ថានភាពរស់នៅ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ស្ថិតក្នុងឃុំថ្មី

(ព្រះវិហារ)៖លោកស្រី Maha Damaj ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាអមដំណើរដោយលោកវេជ្ជបណ្ឌិតគួងឡូទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៦បានដឹកនាំគណប្រតិភូអង្គការ UNICEF ចុះទស្សនកិច្ចស្វែងយល់ពីស្ថានភាពរស់នៅនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតងស្ថិតក្នុងឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ។

ភូមិតាកឹងបៃតងគឺជាភូមិថ្មីមួយដែលត្រូវបានរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់ក្រហមចំនួន៣ភូមិរួមមានភូមិមរកត (មុំបី) ភូមិអានសេះនិងភូមិបុស្សស្បូវ។

ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី Maha Damaj និងគណប្រតិភូបានចុះពិនិត្យមើលការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សុខភាពតាកឹងបៃតងដោយបានស្វែងយល់ពីសកម្មភាពការងាររបស់មន្ត្រីសុខាភិបាលការផ្តល់សេវាថែទាំសុខភាពនិងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មី។

ជាមួយគ្នានេះគណប្រតិភូ UNICEF ក៏បានបន្តចុះពិនិត្យសាលារៀននៅក្នុងភូមិតាកឹងបៃតងដើម្បីស្វែងយល់ពីស្ថានភាពការអប់រំបរិយាកាសសិក្សានិងការបំពេញការងាររបស់លោកគ្រូអ្នកគ្រូក្នុងការផ្តល់ចំណេះដឹងនិងអប់រំដល់សិស្សានុសិស្ស។

តាមរយៈការចុះទស្សនកិច្ចផ្ទាល់លោកស្រី Maha Damaj បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាលព្រមទាំងលោកគ្រូអ្នកគ្រូដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាសុខភាពនិងសេវាអប់រំជូនប្រជាពលរដ្ឋនិងកុមារនៅក្នុងភូមិតាកឹងបៃតង។

បើតាមលោកវេជ្ជបណ្ឌិតគួងឡូបន្ទាប់ពីទស្សនកិច្ចនៅប៉ុស្តិ៍សុខភាពតាកឹងបៃតងរួចគណប្រតិភូរបស់អង្គការ UNICEF ដឹកនាំដោយលោកស្រី Maha Damaj បានបន្តដំណើរទៅទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកជាំក្សាន្តស្ថិតនៅភូមិជាំក្សាន្តឃ៉ំជាំក្សាន្តស្រុកជាំក្សាន្តដោយលោកស្រីបានថ្លែងកោតសរសើរចំពោះការផ្តល់សេវានៅមន្ទីរពេទ្យបានល្អហើយលោកស្រីនិងបន្តសហការជាមួយមន្ទីរសុខាភិបាលខេត្តទៅលើវិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ។

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងបញ្ជាក់ថាដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងកុមារតាមរយៈការពង្រឹងសេវាសុខាភិបាលនិងការអប់រំជាពិសេសនៅតាមសហគមន៍ថ្មីដែលកំពុងមានការអភិវឌ្ឍនិងត្រូវការសេវាសាធារណៈប្រកបដោយគុណភាព៕