លោកអភិបាលស្រុកស្ទោង គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរកងទ័ពការពារបូរណភាពទឹកដី

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរកងទ័ពការពារបូរណភាពទឹកដី។

លោក សាយ គឹមឡម បានគោរពដឹងគុណនេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងសប្បុរសជន បាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងសប្បុរសជនមកចូលរួមលើកទឹកចិត្តឧបត្ថម្ភដល់កងកម្លាំងផ្នែកសឹករងស្ទោងដែលត្រៀមចេញបំពេញបេសកកម្មការពារបូរណភាពទឹកដីទិសព្រះវិហារភ្នំដងរែកក្នុងពេលឆាប់ៗខាងមុខនេះ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦។

លោក សាយ គឹមឡម បានរំលេចថា ក្នុងនាមអាជ្ញាធរស្រុកស្ទោង ក្នុងនាមសមរភូមិក្រោយ បានបន្តសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដូចភ្លៀងរឹម ជាពិសេសបានលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រទាំងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ ថវិកា ដល់ផ្នែកសឹករងស្ទោង ក្នុងការទៅបំពេញបេសកកម្ម ទិសព្រះវិហារភ្នំដងរែក។

ទន្ទឹមនឹងនេះ លោកសម្ដែងការដឹងគុណនិងលើកទឹកចិត្តដល់កងកម្លាំងផ្នែកសឹករងស្ទោង ព្រមទាំងវីរកងទ័ពជួរមុខគ្រប់រូប ដែលបានពលីសព្វបែបយ៉ាងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ បូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ក្រោមកម្ដៅថ្ងៃ និងព្យុះភ្លៀងរលឹម ពីសំណាក់ចោរឈ្លានពាន។

លើសពីនេះលោកបានថ្លែងអំណរគុណជាអានេកដល់មន្ត្រីរាជការកងកម្លាំង ប្រជាពលរដ្ឋ សប្បុរសជន ព្រះមន្ត្រីសង្ឃ ជិតឆ្ងាយដែលបានតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការឧបត្ថម្ភគាំទ្រ លើកទឹកចិត្តវីរកងទ័ពជួរមុខជាយ៉ាងញឹកញយ។

សូមបញ្ជាក់ថា ក្នុងឱកាសនេះលោកបានឧបត្ថម្ភដល់មេបញ្ជាការផ្នែកសឹករងស្ទោងចំនួន៦០ម៉ឺនរៀល កងកម្លាំងដែលទៅបំពេញបេសកកម្មចំនួន៨នាក់ ក្នុង១នាក់ចំនួន៤០ម៉ឺនរៀល កងកម្លាំងនៅប្រចាំការផ្នែកសឹករង៧នាក់ ក្នុង១នាក់ចំនួន១០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ជាច្រើនទៀតសរុបរួមជាទឹកប្រាក់ ៥.៦៨៨.០០០រៀល ក្នុងនោះថវិការបស់ឯកឧត្តម ថោ ជេដ្ឋា ចំនួន២លានរៀល តាមរយៈឯកឧត្តម ជីវ ស៊ុនហេង ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង