(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស Cho Hyun បានពិភាក្សាពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា រួមទាំងសេរីភាពនៃការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Cho បានបង្ហាញពីក្តីបារម្ភចំពោះស្ថានភាព និងសម្តែងក្តីសង្ឃឹមពីការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ លោក Cho ប្រាប់លោក Araqchi ថាកូរ៉េខាងត្បូងតែងតែគាំទ្រការធ្វើនាវាចរដោយសេរី និងមានសុវត្ថិភាពសម្រាប់នាវាទាំងអស់ ហើយបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីគាំទ្រដល់សន្តិសុខដែនសមុទ្រ។ ចំណែក លោក Araqchi បានបង្ហាញពីគោលជំហររបស់អ៉ីរ៉ង់ ជុំវិញស្ថានការណ៍ក្នុងតំបន់ ហើយរដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាការទំនាក់ទំនង។
គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទ ដែលក្រសួងការបរទេសកូរ៉េខាងត្បូង បញ្ជាក់ថាត្រូវបានរៀបចំឡើងតាមសំណើរបស់អ៉ីរ៉ង់ កើតមានឡើង បន្ទាប់ពីទីក្រុងសេអ៊ូលបានបញ្ជូនក្រុមត្រួតពិនិត្យមួយក្រុម ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីវាយតម្លៃថាតើគួរបញ្ជូនកងទ័ព ទៅកាន់តំបន់នោះឬយ៉ាងណា៕






























