
(កំពង់ធំ)៖ នាពេលថ្មីៗនេះឯកឧត្តម ឃឹម នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគណបក្សប្រជាជនកម្ពុជាឃុំគោល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងពិភាក្សាអំពីការងារមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ ខាងមុខ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាសភាពក្រុមការងារ និងសមាជិកគណបក្សនៅមូលដ្ឋាន រួមមាន ក្រុមការងារថ្នាក់ស្រុកចំនួន៣នាក់ គណៈកម្មាធិការគណបក្សឃុំចំនួន១១នាក់ ស្ត្រី២នាក់ សាខាគណបក្សភូមិចំនួន៣៣នាក់ស្ត្រី១១នាក់ និងយុវជនគណបក្សឃុំចំនួន៥នាក់ ស្ត្រី៣នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឃឹម នុភាព បានចូលរួមចំណាយថវិកាចំនួន ៤០០.០០០រៀល ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងអង្គប្រជុំ សម្រាប់ជាការលើកទឹកចិត្ត និងគាំទ្រដល់ការបំពេញការងាររបស់ក្រុមការងារ និងសមាជិកនៅមូលដ្ឋាន។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាពការងារ និងការរៀបចំផែនការបន្ត ដើម្បីធានាឱ្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមផែនការដែលបានកំណត់។ អត្ថបទ រដ្ឋបាលឃុំគោល































