លោកគីម រិទ្ធី ចុះពិនិត្យដំណើរការទិញ-លក់ស្រូវសរីរាង្គតាមកិច្ចសន្យា របស់សហគមន៍កសិកម្មភ្នំពេជ្របុរី ក្នុងស្រុកគូលែន

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យជាក់ស្តែងនូវដំណើរការផ្គត់ផ្គង់ និងទិញ-លក់ស្រូវសរីរាង្គតាមកិច្ចសន្យា រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិកម្មភ្នំពេជ្របុរី ស្ថិតនៅក្នុងឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

បេសកកម្មចុះពិនិត្យផ្ទាល់នេះ មានការអមដំណើរដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ, លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក គីម រិទ្ធី បានសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយប្រជាកសិករ និងបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណើរការថ្លឹង ពិនិត្យគុណភាពស្រូវ និងការប្រមូលទិញស្រូវសរីរាង្គពីប្រជាសហគមន៍។ លោក អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលបានផលិតស្រូវសរីរាង្គប្រកបដោយបទដ្ឋានស្តង់ដារ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការចាត់ចែងកិច្ចសន្យាកសិកម្មបានយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនដៃគូ។
លោក អភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីសារនៃការអនុវត្ត «កសិកម្មតាមកិច្ចសន្យា» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការធានាបាននូវទីផ្សារច្បាស់លាស់ ស្ថិរភាពតម្លៃ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធ បន្តចុះជួយសម្របសម្រួល បណ្តុះបណ្តាលបច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនបញ្ជាទិញឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញការផលិតស្រូវសរីរាង្គខេត្តព្រះវិហារឱ្យមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ទាំងទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស៕ដោយ សួនពិសិត