ស្លាប់ ១៩នាក់​ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះយោធារុស្ស៉ី នៅស៊ីបេរី

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាយន្ដហោះយោធាមួយគ្រឿងធុន An-12 បានធ្លាក់នៅឯតំបន់ Kemerovo ស្ថិតនៅភាគនិរតីនៃតំបន់ស៊ីបេរី របស់រុស្ស៉ីដោយសម្លាប់មនុស្ស ១៩នាក់ទាំងអស់ជិះនៅលើនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដោយផ្អែកលើការស្រង់សម្ដីពីក្រសួងការពារជាតិរុស្ស៉ី ក៏បានបញ្ជាក់ដែរថាមូលហេតុបឋមនៃសោកនាដកម្មខាងលើគឺបណ្ដាលមកពីបញ្ហាបច្ចេកទេស ហើយយន្ដហោះនេះបានធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ។

អភិបាលតំបន់ ​Ilya Seredyuk ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមចេញពីកន្លែងកើតហេតុ បាននិយាយថាក្រុមអ្នកជួយសង្រ្គោះបន្ទាន់បានពន្លត់អគ្គិភ័យដែលបានឆាបឆេះយន្ដហោះខាងលើ។ បើតាមលោក Seredyuk យន្ដហោះយោធា An-12 បានធ្លាក់នៅក្បែរភូមិ Yagunovo ជាទីដែលយន្ដហោះនេះបានហោះឆ្លងកាត់៕