(ម៉ានីល)៖ រុស្ស៉ី នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាបានដឹងថាកងទ័ពបារាំងត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន ដោយចាត់ទុកនេះជាការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយថាសារមួយត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីសរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានគូសបញ្ជាក់ថារុស្ស៉ីដឹងថាមិនមែនមានតែកងទ័ពបារាំងប៉ុណ្ណោះទេដែលត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន។ តាមលោកប្រមុខការទូតរុស្ស៉ី មូស្គូបានបង្ហាញក្ដីកង្វល់របស់ខ្លួន ហើយថាឥលូវការធ្វើបែបនេះលែងជាការគាំទ្រអ៊ុយក្រែនទៀតហើយ តែជាការចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម។
ការអត្ថាធិប្បាយរបស់លោក Sergei Lavrov ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រភពមួយបានប្រាប់ AFP និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតថាកងទ័ពបារាំងបាន និងកំពុងធ្វើប្រតិបត្តិការនៅអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន និងជួយថែទាំបរិក្ខារយោធាដែលប៉ារីសផ្ដល់ឱ្យទីក្រុងកៀវ។ ប៉ុន្តែបារាំងកាលពីថ្ងៃអង្គារផងដែរបាននិយាយថាការលើកឡើងរបស់ប្រមុខការទូតរុស្ស៉ីដែលថាបារាំងបានចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម គឺជារឿងគ្មានហេតុផល។
នៅចំពោះមុខរដ្ឋសភាបារាំង អនុរដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Alice Rufo បាននិយាយថាវាពិតជាមានការដាក់ពង្រាយកងទ័ពបារាំងនៅអ៊ុយក្រែនជាមួយការដាក់ហិតខ្លាំងបំផុតត្រឹមតែសម្រាប់ការបណ្ដុះបណ្ដាល និងការថែទាំបរិក្ខារយោធា។ ពោលគឺមិនមានចេតនាក្នុងការប្រយុទ្ធ ផ្ទុយពីអ្វីដែលប្រមុខការទូតរុស្ស៉ីបានលើកឡើង៕































