សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ណាត់ជួបគ្នានៅបែរឡាំង ក្រោយកិច្ចប្រជុំត្រីភាគី ត្រាំ-ស៊ី-ពូទីន

(បែរឡាំង)៖ អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសម្រាប់កិច្ចប្រជុំកំពូលក្រុមចម្រុះនៃឆន្ទៈ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈអឺរ៉ុបបន្តគាំទ្រទីក្រុងកៀវ និងកំពុងព្យាយាមស្វែងរកកៅអីអង្គុយមួយនៅឯតុចរចាសន្តិភាពណាមួយរវាងរុស្ស៉ី និងអ៊ុយក្រែននាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កិច្ចប្រជុំកំពូលក្នុងទីក្រុងបែរឡាំងដែលមានសហអ្នករៀបចំ មេដឹកនាំអាល្លឺម៉ង់ បារាំង និងព្រីតថេន នឹងត្រូវចាប់ផ្ដើមធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបិទបញ្ចប់កិច្ចប្រជុំត្រីភាគីជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ក្នុងទីក្រុង Shenzhen ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

កិច្ចប្រជុំកំពូលក្រុមចម្រុះនៃឆន្ទៈក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់នឹងមានការចូលរួមពីមេដឹកនាំរដ្ឋាភិបាលអឺរ៉ុបជាង ៣០រូប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមទាំងបេសកជនពិសេស របស់សហរដ្ឋអាមេរិក ២រូប គឺលោក Jared Kushner និងលោក Steve Witkoff។ កិច្ចប្រជុំមានគោលដៅជំរុញតួនាទីរបស់អឺរ៉ុបក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលជាសង្រ្គាមធំជាងគេបំផុតនៅលើទឹកដីអឺរ៉ុប ក្រោយសង្រ្គាមលោកលើកទី២ ខណៈដំណើរការបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន មូស្គូ និងទីក្រុងកៀវ។

លើសពីនេះទៅទៀត កិច្ចប្រជុំនេះដែរក៏នឹងត្រូវបានប្រើប្រាស់ជាការបញ្ជូនសារ និងបង្ហាញការគំាទ្រយ៉ាងរឹងមាំរបស់អឺរ៉ុបចំពោះអ៊ុយក្រែនផងដែរ ក្នុងគ្រាដែលអ៊ុយក្រែនកំពុងស្វែងរកសន្តិភាពប្រកបដោយយុត្តិធម៌ និងចង់បានការធានាការពារសន្តិសុខពីលោកខាងលិច នៅក្រោយសង្រ្គាមបិទបញ្ចប់។

ប៉ុន្តែមានការព្រួយបារម្ភថាលោក ដូណាល់ ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងធ្វើការសម្រេចចិត្តលើអ៊ុយក្រែន ជំនួសឱ្យអឺរ៉ុប និងអ៊ុយក្រែន ហើយព្យាយាមបែងចែកដែនឥទ្ធិពលគ្នាដើម្បីគ្រប់គ្រងក្នុងស.វទី២១នេះ។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជំរុញឱ្យលោក ដូណាល់ ត្រាំ បន្តឈរនៅជាមួយបណ្ដាប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្ត NATO បើទោះជា លោកប្រធានាធិបតីអាមេរិកជាញឹកញាប់តែងតែរិះគន់ NATO លោក ហ្សេលេនស្គី ហើយលើកសរសើរទំនាក់ទំនងជាមួយលោក ពូទីនក៏ដោយ៕