
កំពង់ធំ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងខែធ្នូ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិចំនួន ២៥០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មការពារ និងរក្សាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ កន្លងទៅ ដែលទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ លោកស្នងការក៏បានលើកឡើងអំពីសភាពការណ៍ជាតិ និងអន្តរជាតិ ជាពិសេសស្ថានភាពវិវឌ្ឍន៍នៃជម្លោះ និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឱ្យមានភាពមិនប្រាកដប្រជា និងប៉ះពាល់ដល់ស្ថិរភាពសណ្តាប់ធ្នាប់អន្តរជាតិ ព្រមទាំងបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះ លោកស្នងការបានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការងារដឹកនាំបញ្ជា និងអនុវត្តតួនាទី ភារកិច្ចតាមឋានានុក្រម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ តាមរយៈការគ្រប់គ្រងបញ្ជីវត្តមាន ការប្រជុំជួរ ការត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋាន និងការពាក់សញ្ញាសម្គាល់នគរបាលជាតិ ឱ្យបានត្រឹមត្រូវ ស្របតាមបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេស
ត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា សេចក្តីថ្លៃថ្នូរ និងការរក្សាការសម្ងាត់របស់អង្គភាព។
លោកស្នងការក៏បានណែនាំដល់ថ្នាក់ដឹកនាំការិយាល័យជំនាញ និងអធិការនគរបាលក្រុង-ស្រុកទាំង៩ ត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំឱ្យបានច្បាស់លាស់ ដើម្បីជាត្រីវិស័យក្នុងការដឹកនាំ និងអនុវត្តការងារប្រចាំថ្ងៃ រួមមាន ការគោរពទង់ជាតិ ការប្រចាំបញ្ជា ការងារសង្គម និងការត្រៀមកម្លាំងអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះថ្នាក់ ឬហេតុការណ៍ចៃដន្យផ្សេងៗ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវទិសដៅណែនាំសំខាន់ៗដល់ផែនការងារជំនាញ ដូចខាងក្រោម៖
ទី១៖ ផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវបង្កើនការអនុវត្តវិធានការជំនាញ និងវិធានការរដ្ឋបាល ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងចងក្រងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ទី២៖ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្កើនការបង្ក្រាបបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀនជាប្រចាំ ដោយមិនបន្ធូរដៃ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន។
ទី៣៖ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបន្តពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើសនានា ព្រមទាំងបន្តបញ្ចុះកម្លាំងតាមគោលដៅទីបញ្ជាការស្រាល ដោយសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការ និងអនុវត្តច្បាប់ចំពោះជនល្មើស។

ទី៤៖ ផែនការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ ត្រូវសហការជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋនៅតាមគោលដៅដែលងាយរងគ្រោះ។ទន្ទឹមនឹងនេះ ត្រូវដាក់ពង្រាយកម្លាំងជាប្រចាំ ដើម្បីសម្រួលចរាចរណ៍ ជៀសវាងការកកស្ទះ និងជួយសិស្សានុសិស្សឆ្លងផ្លូវនៅតាមទីតាំងដែលមានហានិភ័យខ្ពស់។
ទី៥៖ ការងារល្បាត និងការពារសន្តិសុខមូលដ្ឋាន ត្រូវបន្តពង្រឹងកម្លាំងល្បាត និងត្រួតពិនិត្យភូមិសាស្ត្រជាប្រចាំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលពិនិត្យ
បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ទី៦៖ ការងារអត្តសញ្ញាណកម្ម ត្រូវជំរុញមន្ត្រីជំនាញឱ្យបន្តខិតខំបំពេញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទាំងការផ្តល់ថ្មី និងការផ្តល់ទុតិយតា ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីសម្រួលដល់ការប្រើប្រាស់ក្នុងការបំពេញបែបបទ និងសេវារដ្ឋបាលផ្សេងៗ។

ទី៧៖ ការងារគ្រប់គ្រងរដ្ឋបាល ត្រូវបន្តចុះអនុវត្តវិធានការរដ្ឋបាលតាមខ្នងផ្ទះ ដើម្បីត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពបម្រែបម្រួលប្រជាពលរដ្ឋ ចំណូល ចំណាកស្រុក និងគ្រប់គ្រងមុខរបរពិសេស អាវុធនិងគ្រឿងផ្ទុះ ព្រមទាំងចែកជូនលេខទូរស័ព្ទសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងស្នើសុំអន្តរាគមន៍។
ទី៨៖ ការងារអន្តោប្រវេសន៍ ត្រូវបន្តគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត រៀបចំផ្តល់សេវាស្របច្បាប់ និងបន្តត្រួតពិនិត្យជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
ទី៩៖ ការងារភស្តុភារ និងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរៀបចំបែបបទបើកប្រាក់បៀវត្ស និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងៗ ដើម្បីបម្រើដល់ការងារប្រតិបត្តិការរបស់អង្គភាព និងបំពេញតម្រូវការជូនកងកម្លាំងនគរបាល។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ធនធាន និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
ជាកិច្ចចុងក្រោយ លោកស្នងការបានជំរុញឱ្យកងកម្លាំងទាំងអស់បន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីបំពេញតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការរបស់សង្គម និងបន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ៕






































