សទ្ធាជ្រះថ្លាដង្ហែអង្គកឋិនទាន នៅវត្តភ្នំក្អោង ខេត្តព្រះសីហនុ គឺផ្សារភ្ជាប់កុសលផលបុណ្យ ជាមួយការអប់រំផ្លូវចិត្ត

ខេត្តព្រះសីហនុ៖នៅព្រឹក ថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ម្សិលមិញនេះ

លោកស្រី ម៉ាក់ សំណាង អភិបាលរងខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ គឹម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារសមាគម ទៅចូលរួមដង្ហែបុណ្យអង្គកឋិនទានទៅកាន់ វត្តភ្នំក្អោង មានទីតាំងស្ថិតនៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

បុណ្យអង្គកឋិនទាន គឺជាបុណ្យប្រពៃណីដ៏ធំ និងឧត្តុង្គឧត្តមមួយក្នុងចំណោមបុណ្យសំខាន់ៗផ្សេងទៀត នៃព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក បន្ទាប់ពីបញ្ចប់ពិធីបុណ្យចេញព្រះវស្សា។ តាមពុទ្ធានុញ្ញាត ក្នុងមួយវត្តអាចទទួលអង្គកឋិនបានតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក៏ជាឱកាសដ៏ពិសេសសម្រាប់ពុទ្ធបរិស័ទក្នុងការរួមគ្នាវេរត្រៃចីវរ និងទេយ្យទានផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងចូលរួមចំណែកកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមផងដែរ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកស្រី ម៉ាក់ សំណាង បានមានប្រសាសន៍គូសបញ្ជាក់ថា ការដង្ហែអង្គកឋិនទានក្នុងរដូវកាលនេះ មិនត្រឹមតែជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាពសុខដុមរមនា និងការរួមចំណែកថែរក្សា លើកស្ទួយវប្បធម៌ ប្រពៃណីជាតិដ៏ល្អផូរផង់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្សារភ្ជាប់រវាងវិស័យសាសនា និងការលើកកម្ពស់ជីវភាពសហគមន៍នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនផងដែរ។

លោកស្រីបន្ថែមថា ការចែករំលែកអំពើល្អតាមរយៈពិធីបុណ្យអង្គកឋិនទាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ថ្លៃថ្លាដែលជួយដាស់តឿន និងអប់រំទូន្មានដល់មនុស្សជំនាន់ថ្មី ក្នុងសង្គមសម័យទំនើបដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ឱ្យចេះស្គាល់ច្បាស់ពីគុណ និងទោស បុណ្យ និងបាប ក៏ដូចជាច្បាប់កម្មផលដែលតែងតែដើរទន្ទឹមគ្នានឹងជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងបរិបទសង្គមបច្ចុប្បន្ន មនុស្សមួយចំនួនអាចនឹងប្រព្រឹត្តអំពើអកុសល ឬបង្កជាទុក្ខទោសដល់អ្នកដទៃ និងខ្លួនឯងដោយសារតែការធ្វេសប្រហែស ការខ្វះការពិចារណា ការប្រកាន់ទិដ្ឋិ ឬការជ្រួលជ្រើមតាមកិលេសតណ្ហា និងអារម្មណ៍ឆេវឆាវ ដោយមិនបានដឹងខ្លួនថាអំពើទាំងនោះកំពុងសាបព្រោះពូជអកុសលសម្រាប់អនាគតឡើយ។
ដូច្នេះ ដូចដែលលោកស្រី ម៉ាក់ សំណាង បានលើកឡើង ការចូលរួមក្នុងសកម្មភាពបុណ្យកុសល ការចែករំលែកដោយចិត្តមេត្តាករុណា និងការស្តាប់ព្រះធម៌ទេសនា មិនមែនគ្រាន់តែជាការធ្វើតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតីភ្ញាក់រលឹក ការគ្រប់គ្រងចិត្តគំនិត និងការជ្រើសរើសផ្លូវកុសលឱ្យក្លាយជាទម្លាប់ល្អប្រចាំជីវិត ដើម្បីនាំមកនូវសេចក្តីស្ងប់សុខផ្លូវចិត្ត ភាពថ្លៃថ្នូរក្នុងសង្គម និងការរីកចម្រើនប្រកបដោយសីលធម៌សម្រាប់មនុស្សគ្រប់រូប៕ដោយ នីណា ញូស៍