ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ម៉ាក់ សំណាង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ គឹម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារសមាគម ចុះនាំយកអំណោយសម្ភារៈសិស្សាទៅចែកជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា និងមត្តេយ្យសិក្សា ក្អោង ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ជិតស្និទ្ធ និងពោរពេញដោយភាពកក់ក្តៅ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន ក៏ដូចជាផ្តល់កម្លាំងចិត្តដល់កុមារតូចៗ និងសិស្សានុសិស្សនៅដើមឆ្នាំសិក្សាថ្មី។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកុមារតូចៗ និងសិស្សានុសិស្ស លោកស្រី ម៉ាក់ សំណាង បានមានប្រសាសន៍ផ្តាំផ្ញើ និងអប់រំទូន្មានដោយក្តីស្រឡាញ់ថា ក្មួយៗសិស្សានុសិស្ស ជាពិសេសកុមារមត្តេយ្យសិក្សា និងបឋមសិក្សា គឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងរបស់គ្រួសារ និងប្រទេសជាតិ។ លោកស្រីបានលើកទឹកចិត្តឱ្យក្មួយៗខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ និងឪពុកម្តាយ គោរពវិន័យសាលា រក្សាអនាម័យខ្លួនប្រាណ និងចេះស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ដើម្បីក្លាយជាកុមារល្អ សិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត។
លោកស្រី ម៉ាក់ សំណាង ក៏បានមានប្រសាសន៍បន្ថែមថា ការកសាងមូលដ្ឋានចំណេះដឹង និងសីលធម៌តាំងពីកុមារភាព គឺជាជំហានដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាព និងសមត្ថភាពខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើនរបស់សង្គម។
ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណ និងផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន ថែទាំ និងណែនាំសិស្សានុសិស្សដោយការអត់ធ្មត់ និងក្តីមេត្តាករុណា ជាពិសេសជួយបណ្តុះទម្លាប់នៃការរៀនសូត្រ និងការប្រព្រឹត្តល្អដល់សិស្សមត្តេយ្យ និងបឋមសិក្សា ឱ្យទទួលបានផ្លែផ្កាកាន់តែប្រសើរក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នេះ៕ដោយ នីណា ញូស៍








































