រុស្ស៉ីបញ្ជូនឆ្អឹងព្រះអង្គម្ចាស់អ្នកចម្បាំង ដែលធ្លាប់យកឈ្នះលើម៉ុងហ្គោល ទៅកាន់តំបន់សមរភូមិមុខនៅអ៊ុយក្រែន ដើម្បីលើកទឹកចិត្តកងទ័ព

(ម៉ូស្គូ)៖ បំណែកឆ្អឹងពីដៃកាន់ដាវរបស់ព្រះអង្គម្ចាស់រុស្ស៊ីមួយអង្គ កាលពីសម័យបុរាណ ដែលបានទទួលជ័យជម្នះដ៏ល្បីល្បាញ លើពួកម៉ុងហ្គោល ត្រូវបានបញ្ជូនទៅកាន់ តំបន់សមរភូមិមុខនៅអ៊ុយក្រែន ដើម្បីលើកទឹកចិត្តដល់កងទ័ព ខណៈវាគឺជាសកម្មភាពគាំទ្រថ្មីចុងក្រោយមួយទៀត របស់ព្រះវិហារគ្រិស្តនិកាយ Orthodox នៃប្រទេសរុស្ស៉ី ចំពោះសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។

មឈូសថ្មរបស់ព្រះអង្គម្ចាស់ មានព្រះនាមថា Dmitry Donskoy ដែលបានសោយទិវង្គតតាំងពីឆ្នាំ១៣៨៩ និងទទួលបានការគោរពជា​ខ្លាំងពីសំណាក់ក្រុមអ្នកជាតិនិយមរុស្ស៊ី សម្រាប់ការដែលទ្រង់បានយកឈ្នះលើកងទ័ព Golden Horde របស់អតីតចក្រភពម៉ុងហ្គោល នៅក្នុងសមរភូមិ Kulikovo ឆ្នាំ១៣៨០ ទើបតែត្រូវបានរកឃើញ កាលពីរដូវក្តៅនេះ អំឡុងពេលប្រព្រឹត្តទៅនៃការងារជួសជុលនៅព្រះវិហារ Cathedral of the Archangel របស់ទីក្រុងម៉ូស្គូ ដែលស្ថិតក្នុងវិមានក្រឹមឡាំង។

វិហារគ្រិស្ត Orthodox របស់រុស្ស៉ី ដែលបានប្រកាន់ជំហរគាំទ្រលោក ពូទីន រហូតតាំងតែពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក បាននិយាយថា ខ្លួនបានបញ្ជូនបំណែកដៃស្តាំរបស់ព្រះអង្គម្ចាស់ Donskoy ទៅកាន់ Donetsk ដែលជាតំបន់មួយ ក្នុងចំណោមតំបន់អ៊ុយក្រែនទាំងបួន ដែលលោក ពូទីន បានប្រកាសកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០២២ ជាទង្វើដែលទីក្រុងកៀវបានទាត់ចោលថា ជាការរឹបអូសទឹកដីដោយខុសច្បាប់។

គួរបញ្ជាក់ថា ដោយសំដៅលើព្រះអង្គម្ចាស់ Donskoy ថាជា «មេបញ្ជាការដ៏វិសុទ្ធ» ព្រះវិហារ Orthodox រុស្ស៉ី បាននិយាយថា ផ្នែកមួយនៃអដ្ឋិធាតុរបស់ទ្រង់ ត្រូវបានបញ្ជូនទៅកាន់ សមរភូមិមុខនៅអ៊ុយក្រែន ដើម្បីឈរប្រកៀកជាមួយកងទ័ពរុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់ព្រះវិហារ បានលើកឡើងថា បំណែកឆ្អឹងដៃស្តាំរបស់ព្រះអង្គម្ចាស់ Donskoy ដែលជាដៃទ្រង់បានកាន់ដាវ នៅលើវាលសមរភូមិ Kulikovo ត្រូវបានបញ្ជូនទៅសមរភូមិមុខ ដើម្បីជួយពង្រឹងស្មារតីកងទ័ព។ ឆ្អឹងនោះដែលតម្កល់ក្នុងប្រអប់កញ្ចក់រឹងមាំមួយ នឹងត្រូវបង្ហាញទៅកាន់អង្គភាពប្រយុទ្ធនានារបស់យោធារុស្ស៉ី ដែលឈរជើងតាមខ្សែបន្ទាត់សមរភូមិមុខប្រវែងជាង ១០០០ គីឡូម៉ែត្រ៕