(អូតាវ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថា លោកមានគម្រោងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក នាចុងខែនេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្តារកិច្ចចរចាដែលជាប់គាំងឡើងវិញ ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅប្រទេសកាណាដា លោក ហ្សេលេនស្គី បានលើកឡើងថា ការពិភាក្សាជាមួយភាគីអាមេរិក នឹងបន្តក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក នៅទីក្រុងញូវយ៉ក។ លោក ហ្សេលេនស្គី បានប្រាប់យ៉ាងដូច្នេះថា «នាចុងខែកញ្ញានេះ យើងនឹងមានឱកាសជួបជាមួយក្រុមការងារអាមេរិក នៅទីក្រុងញូវយ៉ក»។ លោកបានបង្ហើបថា ជំនួបជាមួយលោក ត្រាំ អាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀត អំពីជំហានបន្ទាប់ក្នុងដំណើរការការទូត។ លោកបានបន្តដូច្នេះថា «ខ្ញុំគិតថា… ខ្ញុំអាចនិយាយបើកចំហជាងនេះទៀត បន្ទាប់ពីកិច្ចប្រជុំនៅញូវយ៉ក ជាមួយលោកប្រធានាធិបតី ត្រាំ»។
ជាចុងក្រោយ លោក ហ្សេលេនស្គី បានអះអាងថា ការធានាឱ្យបានមីស៊ីលការពារដែនអាកាសបន្ថែមពីសំណាក់សហរដ្ឋអាមេរិក នឹងក្លាយជាបញ្ហាសំខាន់ នៅក្នុងជំនួបនោះ ដោយទីក្រុងកៀវកំពុងស្វែងរកការផ្គត់ផ្គង់មីស៉ីលបាញ់ស្ទាក់ សម្រាប់ប្រឆាំងមីស៊ីលបាលិស្ទីគ ដែលត្រូវការជាបន្ទាន់។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោកក៏បានពិភាក្សាអំពី កង្វះខាតមីស៉ីលការពារដែនអាកាសទំនើបៗរបស់អ៊ុយក្រែន ជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែរ អំឡុងទស្សនកិច្ចរបស់ពួកគេ នៅទីក្រុងកៀវ កាលពីចុងសប្តាហ៍មុន៕





























