
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជីជាផ្លូវការ។ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ជា អ្នក ជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ ស៊ិនធើណេសិនណល ស្របតាមច្បាប់។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក លេខ អ.០០៦,២៤ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក ស្របតាមមាត្រា ៦៨ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
តាមរយៈនេះចំពោះការទូទាត់សងប្រាក់ត្រឡប់ទៅអតិថិជនរបស់គ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.កនឹងត្រូវអនុវត្តដោយអ្នកជម្រះបញ្ជី តាមលំដាប់អាទិភាពដូចបានកំណត់ដោយច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕
សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ខាងក្រោម៖



























