សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាយល់ច្បាស់តម្លៃសន្ដិភាព ខណៈសន្ដិភាព ត្រូវបានកសាងឡើងដោយភាពអត់ធ្មត់រាល់ថ្ងៃ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអះអាងថា កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្ដិភាព ហើយកាន់តែដឹងទៀតថាសន្ដិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ «ភូមិ​ហ្វ្រង់កូហ្វូនី» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយយល់អំពីតម្លៃនៃសន្ដិភាពនេះហើយ ទើបបានជាមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បា​នមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនី ក៏បានបង្ហាញ ពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា, ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឲ្យភាពកក់ក្ដៅ, សន្តិភាព និង ក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិហ្វ្រង់កូហ្វូនីត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីភ្នំពេញ តែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។

សូមជម្រាបថា នេះជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះ គឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា៕